(ភ្នំពេញ)៖ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងសហការី នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៦ ជូនដល់កុមារខ្សោយសតិបញ្ញា កុមារពិការ កុមារផ្ទុកមេរោគអេដស៍ កុមារកំព្រា និងគ្រូ -បុគ្គលិកសរុបចំនួន ២២៥នាក់នៃបុរីទារក និងកុមារជាតិ ដែលមានទីតាំងស្ថិតនៅ ភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះ លោកស្រីអគ្គលេខាធិការ បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងព្រះរាជបណ្តាំរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើការសួរសុខទុក្ខ ក្តីអាណិត ស្រឡាញ់ចំពោះកុមារ និងបុគ្គលិកទាំងអស់។
ជាពិសេស កោតសរសើរចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់គ្រូ-បុគ្គលិក ដែលបានយកអស់កម្លាំងកាយ-ចិត្តមើលថែទាំ ចិញ្ចឹមបីបាច់ ផ្តល់ភាពកក់ក្តៅ និងផ្តល់ការអប់រំដល់កុមារទាំងអស់ ប្រកបដោយទឹកចិត្តមនុស្សធម៌ និងក្តីអាណិតស្រឡាញ់។ ទន្ទឹមនឹងនេះ លោកស្រីបានផ្តាំផ្ញើដល់គ្រូ-បុគ្គលិកទាំងអស់ សូមបន្តចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយផ្លាស់ប្តូរឥរិយាបទក្នុងការរស់នៅ ជាពិសេស ការរក្សាអនាម័យដៃស្អាត ការពាក់ម៉ាស់ក្នុងករណីចាំបាច់ និងការរក្សាគម្លាតពីគ្នា។
ជាមួយគ្នានោះ លោកស្រី ថោ ពៅ ប្រធានបុរីទារក និងកុមារជាតិ បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងមានសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស ដែលតែងតែគិតគូរពីសុខទុក្ខ ហើយបានឧបត្ថម្ភជាបន្តបន្ទាប់។
ជាពិសេស ក្នុងកាលៈទេសៈដែលពិ ភពលោក ក៏ដូចជាកម្ពុជា កំពុងតែប្រយុទ្ធនឹងជំងឺកូវីដ១៩ ក៏ដោយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែចាត់តំណាងរបស់លោក អញ្ជើញចុះមកសួរសុខទុក្ខ និងនាំមកនូវអំណោយជាស្បៀងអាហារ សម្ភារប្រើប្រាស់នានា ជាមួយនឹងថវិកាផងដែរ។
សូមបញ្ជាក់ថា អំណោយប្រគល់ជូនបុរីទារកនិងកុមារជាតិ រួមមាន៖ អង្ករ៣តោន មី៤០កេស ត្រីខ១០កេស ទឹកក្រូច១៥កេស ទឹកសុទ្ធ១៥កេស ទឹកត្រី២៤ដប ទឹកស៊ីអ៊ីវ២៤ដប អាល់កុល៦០លីត្រ ម៉ាស់១០ដុំ (៥០០ម៉ាស) និងថវិកា១០លានរៀល។ ដោយឡែក សាប៊ូដុំចំនួន១៥កេស (១,០៨០ដុំ) ជាព្រះរាជអំណោយរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ សម្រាប់ គ្រូ-បុគ្គលិកចំនួន៨០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ៣០គីឡូក្រាម ឃីត (មុង ភួយ សារុង ក្រមា អាវយឺត) ១ឃីត និងថវិកា៥ម៉ឺនរៀល៕