(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់ថវិកា ១៦៦លានដុល្លារអាមេរិក ដល់រដ្ឋបាលរាជធានី-ខេត្ត ក្នុងការអនុវត្តសេវាសុខាភិបាល។
ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសសម្តេចក្រឡាហោម អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឲ្យដំណើរការ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បន្ទាប់ពីរាជរដ្ឋាភិបាល ដាក់ចេញនូវអនុក្រឹត្យស្តីពីការប្រគល់មុខងារគ្រប់គ្រង និងផ្តល់សេវាសុខាភិបាលទៅឲ្យរដ្ឋបាលរាជធានី-ខេត្ត នាចុងឆ្នាំ២០១៩កន្លងមក និងផ្អែកតាមរបាយការណ៍ក្នុងរយៈពេលប៉ុន្មានខែដើមឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលបានរួមគ្នារៀបចំលិខិតបទដ្ឋានគតិយុត្ត និងបានអនុវត្តកិច្ចការអាទិភាពចាំបាច់មួយចំនួន ដើម្បីធានាដល់ការចាប់ផ្តើមអនុវត្តអនុក្រឹត្យនេះដែលក្នុងនោះ រួមមាន ការផ្ទេរបុគ្គលិកសុខាភិបាលចំនួនជាង២ម៉ឺននាក់ ទៅឱ្យរដ្ឋបាលរាជធានី-ខេត្តសាមីនីមួយៗ និងការដាក់ចេញនូវប្រកាសអន្តរក្រសួង ស្តីពីការផ្ទេរថវិកាចំនួនប្រមាណ ១៦៦លានដុល្លារ ទៅឲ្យរដ្ឋបាលរាជធានី-ខេត្តសម្រាប់គ្រប់គ្រង ចាត់ចែង និងប្រើប្រាស់លើការអនុវត្តមុខងារផ្តល់សេវាសុខាភិបាល ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន»។
សម្តេចក្រឡាហោម បានបន្ថែមថា ទោះបីកម្ពុជាបាននិងកំពុងជួបនូវស្ថានភាពលំបាក ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលតម្រូវឲ្យយើងទាំងអស់គ្នា អនុវត្តវិធានការនានា ដើម្បីការពារទប់ស្កាត់ ពីការឆ្លងជំងឺនេះក៏ដោយ ក៏ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងសុខាភិបាល នៅតែខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងកម្លាំងចិត្តក្នុងការចាត់វិធានការយ៉ាងទាន់ពេលវេលា ដើម្បីគ្រប់គ្រងស្ថានការណ៍ដ៏លំបាក ទាំងការ ការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ និងការព្យាបាលអ្នកជំងឺនេះ និងបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងកិច្ចការចាំបាច់នានា ពាក់ព័ន្ធនឹងការផ្ទេរបុគ្គលិក ការផ្ទេរថវិកា និងការប្រព្រឹត្តទៅរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្តផងដែរ។
ក្នុងឱកាសនោះដែរ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាម គ.ជ.អ.ប. សម្ដេចក្រឡាហោមបានបញ្ជាក់ជាថ្មី អំពីការតាំងចិត្តដ៏មោះមុតរបស់រាជរដ្ឋាភិបាល ក្នុងការ បន្តអនុវត្តន៍ ឲ្យកាន់តែស៉ីជម្រៅនូវកំណែទម្រង់វិមជ្ឈការ ដើម្បីរួមចំណែកជំរុញល្បឿន នៃ ការអភិវឌ្ឍប្រទេសជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាព ចម្រើនរុងរឿង៕