(ភ្នំពេញ)៖ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានបង្ហាញការត្រៀមខ្លួនជួយបណ្ដុះបណ្ដាល ផ្ដល់ការងារ និងមុខរបរជូនយុវជនទូទៅ ពិសេសអ្នកដែលបាត់បង់ការងារក្នុងពេលវិបត្តិជំងឺកូវីដ-១៩ ដើម្បីចូលរួមជួយលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យល្អប្រសើរឡើងវិញ និងដើម្បីចូលរួមរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហានេះ។
ការបញ្ជាក់បែបនេះត្រូវបានលើកឡើងដោយលោក ឡី សុភាព នាយកប្រតិបត្តិសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ក្រោយកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា លើកទី៩ នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នៅខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលធ្វើឡើងក្រោមអធិបតីភាពលោក សួន រិន្ទឌី ប្រធានក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជា។
លោក ឡី សុភាព បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនោះលោកប្រធាន សួន រិន្ទឌី បានដាក់ចេញនូវការណែនាំឱ្យសមាសភាពសមាគមសហព័ន្ធវិនិយោគិនកម្ពុជាទាំងអស់ ត្រូវបន្តការគាំទ្រចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលលោកតែងតែគិតគូរជាចាំបាច់ចំពោះសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរៀងរហូតមក និងបន្តទៅអនាគត។
លោក សួន រិន្ទឌី ក៏បានណែនាំឱ្យថ្នាក់ដឹកនាំ សមាជិកទាំងអស់ត្រូវគោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងផ្លូវច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា ពិសេសគឺច្បាប់ពាក់ព័ន្ធនឹងការវិនិយោគ និងច្បាប់ពាក់ព័ន្ធនឹងការធ្វើអាជីវកម្មតាមប្រព័ន្ធឌីជីថលនេះ។ លើសពីនេះ ត្រូវបន្តចូលរួមការទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងផលិតផលក្លែងក្លាយ ផលិតផលខូចគុណភាពជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋ និងត្រូវចូលរួមលើកស្ទួយផលិតផលដែលបំប៉នសុខភាព សម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។
លោក ឡី សុភាព បានពាំនាំការណែនាំបន្តទៀតថា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគមសហព័ន្ធវិនិយោគិនកម្ពុជាខាងលើនេះ ក៏មានលើកឡើងពីការគាំទ្រការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិក (E-commerce) ផងដែរ ដែលពេលបច្ចុប្បន្នកំពុងមានការផុសផុលខ្លាំង ហើយថ្នាក់ដឹកនាំ សមាជិកសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ធ្វើយ៉ាងណាត្រូវចូលរួមក្នុងការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកនេះឱ្យត្រឹមត្រូវតាមច្បាប់ជាធរមាន ជៀសវាងការប្រព្រឹត្តល្មើសច្បាប់ នាំទៅដល់ការខាត់បង់ប្រយោជន៍ផ្សេងៗ និងអាចប៉ះពាល់ដល់ការអភិវឌ្ឍសង្គមកម្ពុជាផងដែរ។
លោក សួន រិន្ទឌី ក៏បានទាញចំណាប់អារម្មណ៍ឱ្យថ្នាក់ដឹកនាំ សមាជិកត្រូវបន្តពង្រឹងនវានុវត្តន៍ក្នុងបរិបទឧស្សាហកម្ម ៤.០ ឱ្យកាន់តែខ្លាំង ព្រោះវាជាកត្តាដ៏សំខាន់ដែលធ្វើឱ្យការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិកមានការអភិវឌ្ឍលឿន។
ពិសេសលើសនេះ សមាគមសហព័ន្ធវិនិយោគិនកម្ពុជា នៅតែបន្តចូលរួមរាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ដែលបាត់បង់ការងារធ្វើក្នុងពេលកើតវិបត្តិជំងឺកូវីដ ហើយនៅតែគាំទ្រនិងអនុវត្តតាមវិធានការងារ ការណែនាំនានារបស់រាជរដ្ឋាភិបាល ដោយសមាគមសហព័ន្ធវិនិយោគិនកម្ពុជា បានបង្ហាញការត្រៀមខ្លួនរួចជាស្រេចក្នុងការជួយបណ្ដុះបណ្ដាល ក៏ដូចជាការផ្ដល់ការងារ និងមុខរបរជូនយុវជនទូទៅ ពិសេសអ្នកដែលបាត់បង់ការងារ។ មិនត្រឹមតែក្នុងពេលកើតមានវិបត្តិជំងឺកូវីដប៉ុណ្ណោះទេ ទោះបីឆ្លងកាត់ពេលវេលាបន្តទៅមុខទៀត ក៏សមាគមសហព័ន្ធវិនិយោគិនកម្ពុជានៅតែអនុវត្តការងារជួយប្រជាពលរដ្ឋ ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ទៀតដែរ៕