(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រោយពិភាក្សាគ្នាពេញមួយព្រឹកនេះ ក្រុមការងារបានសម្រេចសាងសង់សួន សមិទ្ធផលចំនួន៤ ដែលកើតចេញពីនយោបាយឈ្នះឈ្នះ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅបរិវេណវិមានឈ្នះឈ្នះ រាជធានីភ្នំពេញ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុននេះ។
ការបញ្ជាក់បែបនេះរបស់សម្តេចពិជ័យសេនា ទៀ បាញ់ បានធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំក្រុមការងារសាងសង់វិមានឈ្នះឈ្នះនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់សំណាងក្រសួង ស្ថាប័ន តំណាងអភិបាលរាជធានីភ្នំពេញ ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងក្រុមការងារសាងសង់វិមានឈ្នះ ឈ្នះ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
រដ្ឋមន្ត្រីការពារជាតិ បានថ្លែងយ៉ាងដូច្នេះថា៖ «យើងចង់កសាងបន្ថែមសួនសមិទ្ធផលតេជោ យើងចង់រំលេចពីសមិទ្ធផលដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ គឺមានវាច្រើនណាស់ មុននេះយើងគ្រោងឱ្យបណ្តាស្ថាប័នទាំងអស់ បង្ហាញសមិទ្ធផលដែលបានកើតចេញពីនយោបាយឈ្នះ ឈ្នះ យកមកកសាង តែអីឡូវនេះយើងរៀបចំឱ្យបាន ៣ ឬ៤ អង្គភាព ដែលនឹងរៀបចំនៅពេលខាងមុខនេះ នៅថ្ងៃនេះ បានសម្រេចឱ្យធ្វើសួន គឺសួនឃឿនការពារជាតិ, សួនវិស័យរក្សាសន្តិភាព, សួនវិស័យសន្តិសុខសង្គមសាធារណៈ និងសួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះ ឈ្នះ»។
បើតាមប្រសាសន៍របស់សម្តេចពិជ័យសេនា ទៀ បាញ់ បានឱ្យដឹថា សួនសមិទ្ធទាំងនេះ ទី១៖ សួនឃឿនការពារជាតិ របស់កងយោធពលខេមរភូមិន្ទ ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិ មាតុភូមិ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ, ទី២៖ សួនវិស័យរក្សាសន្តិភាព គឺជាសមិទ្ធផលរបស់កងកម្លាំងមួខៀវកម្ពុជា ដែលបំពេញបេសកម្មមនុស្សធម៌ ក្រោមឆត្រអង្គការសហប្រជាជាតិ នៅបណ្តាប្រទេសកំពុងរងគ្រោះដោយសារតែភ្លើងសង្គ្រាម និងអង្គភាពកម្ចាត់មីង ស៊ីម៉ាក ដែលបានដោះគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ បានរាប់លានគ្រាប់ ដើម្បីសង្គ្រោះជីវិតរបស់មនុស្ស, ទី៣៖ សួនប្រវត្តិកាលស្ថាបត្យកម្មវិមានឈ្នះ ឈ្នះ ដើ ម្បីបង្ហាញពីសមិទ្ធផលអ្នកដែលបានចូលរួមសាងសង់ រហូតកើតចេញសមិទ្ធផលនយោបាយឈ្នះ ឈ្នះ និងទី៤៖ សួនវិស័យសន្តិសុខសង្គម ដើម្បីបង្ហាញពីសមិទ្ធផលនានា ដែលខាងកងរាជអាវុធហត្ថ និងនគរបាល ដែលចូលរួមលះបង់គ្រប់បែបយ៉ាង បម្រើដល់សន្តិសុខសណ្តាប់ របៀបរៀបរយ នៅសង្គមជាតិកម្ពុជា។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមទៀតថា តាមរយៈការលះបង់ទាំងអស់នេះ បានចូលរួមឱ្យសង្គមជាតិកម្ពុជាទាំងមូល ទទួលបានស្ថិរភាព របៀបរៀបរយ ធ្វើឱ្យប្រជាជនរស់នៅដោយភាពសុខក្សេមក្សាន្ត ជួបក្រុមគ្រួសារ និងមានឱកាសដើរហើរដោយសេរី ដោយមិនមានភាពភ័យខ្លាចដូចអតីតកាលផងដែរ។
រដ្ឋមន្ត្រីការពារជាតិរូបនេះ បានបញ្ជាក់ថា ក្រោយសម្រេចឱ្យសាងសង់ សួនសមិទ្ធផលទាំង៤នេះ ក្រុមការងារនីមួយៗនឹងពន្លឿនការងារសាងសង់សួនរបស់ខ្លួន ឱ្យបានរួចរាល់ ដើម្បីអបអរសាទរខួបទិវានយោបាយឈ្នះ ឈ្នះ រយៈពេល៤៣ឆ្នាំ ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ខាងមុខនេះ ជាពិសេសដើ ម្បីរំលេចពីភាពអស្ចារ្យនយោបាយឈ្នះ ឈ្នះ រហូតមានធ្វើឱ្យប្រទេសកម្ពុជា មានស្ថិរភាព និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ននេះ ផងដែរ៕