(ព្រះសីហនុ)៖ ដើម្បីធានាសុខភាពប្រជាពលរដ្ឋ ក៏ដូចជាសុវត្ថិភាពម្ហូបអាហារ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) ខេត្តព្រះសីហនុ ដែលមានលោក ខាន់ រ៉ាត់ ជាប្រធាន នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ បានចាត់ឱ្យមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យទៅលើទំនិញម្ហូបអាហារ វេចខ្ចប់ស្រាប់ នៅផ្សារទំនប់រលក ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
មន្រ្តីសាខា ក ប ប ខេត្តព្រះសីហនុ បានឲ្យដឹងថា នៅក្នុងសកម្មភាព ចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូ ម្ហូបអាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹកស្រស់ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ ដល់សុខភាពប្រជាពលរដ្ឋ និងរកសារធាតុអ៊ីយ៉ូដនៅក្នុងអំបិលសំរាប់បរិភោគ។
មន្រ្តីដដែលបានបន្តថា ជាលទ្ធផលនៅក្នុងប្រតិបត្តិការចុះអង្កេតផ្សារទំនប់រលកខាងលើ មន្ត្រីជំនាញពុំបានរកឃើញមានវត្តមាន សារធាតុគីមីហាមឃាត់ នៅលើគ្រឿងសមុទ្រ និងពុំមានការដាក់តាំងលក់ ទំនិញខូចគុណភាព និងហួសកាលបរិច្ឆទប្រើប្រាស់នោះទេ។
បន្ទាប់មកមន្ត្រីជំនាញបានណែនាំ អប់រំបន្ថែមដល់អាជីវករទាំងអស់ សូមធ្វើការត្រួតពិនិត្យ ទំនិញរបស់ខ្លួនអោយបានជាប់ជាប្រចាំ និងចូលរួមសហការ អនុវត្តអោយបានត្រឹមត្រូវ ទៅតាមស្តង់ដារបច្ចេកទេស ក៏ដូចជាលក្ខខ័ណ្ឌតម្រូវ នៃបទបញ្ញត្តបច្ចេកទេស ជាពិសេសភាពអនុលោមទៅនឹង ច្បាប់ស្តីពី «ការគ្រប់គ្រង គុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា» និង ច្បាប់ស្តីពី «កិច្ចការពារអ្នកប្រើប្រាស់»៕