(កំពង់ឆ្នាំង)៖ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ជាទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ជាព្រះគ្រូធម្មានុវឌ្ឍន៍ ព្រះអនុគណស្រុករលាប្អៀរ ព្រះចៅអធិការវត្ត ព្រះវិហារហ្លួង ខេត្តកំពង់ឆ្នាំង បានចុះចែកទេយ្យទានដល់លោកតា លោកយាយទុរគតជនចំនួន១៧គ្រួសារ ដែលស្ថិតក្នុងកំពង់រាំង ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ពិធីចុះចែកទេយ្យទាននេះរៀបចំដោយព្រះគ្រូ ព្រឹម ខុម ព្រះចៅអធិការវត្តកំពង់រាំង ធ្វើឡើងនាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ ក៏មានការអមដំណើរដោយព្រះបញ្ញាបទិបោ ម៉ុច សៅលី ទីប្រឹក្សាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីកត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះអគ្គមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ព្រះគ្រូ នាង ភារុណ ជំនួយការសាលាអនុគុណ និងព្រះគ្រូ រ៉ាយ ចាន់ហាក់ រួមទាំងព្រះសង្ឃជាច្រើនអង្គទៀតផង។
ក្នុងឱកាសនោះដែរព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីការ សូមបងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ កុំភ្លេចឲ្យសោះអំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ១៩ តាមរយៈការលាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ជាប្រចាំដើម្បីការពារកាឆ្លងនូវមេរោគ កូវីដ១៩នេះ ចូលមកក្នុងសហគមន៍។
ព្រះមេត្តិសត្ថា វង្ស កុសល មានសង្ឃដីការបន្ថែមទៀតថា សូមលោកតា លោយាយកុំមានការធ្វេសប្រហែសឲ្យសោះ ព្រោះបើមានការធ្វេសប្រហែសជំងឺកូវីដ១៩នេះ និងឆ្លងចូលមកសហគមន៍ ដែលនិងនាំឲ្យមានផលវិបាកជាច្រើនចំពោះប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូលផងដែរ។
សូមជម្រាបថាអំណោយ ដែលបានចែកជូនដល់លោកតា លោកយាយ ចំនួន១៦គ្រួសារ នៅក្នុងវត្តកំពង់រាំង ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងនេះ មានសំភារៈរួមមាន អង្ក២៥គីឡូ, ទឹកត្រី២យួរ, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, មី១កេះ និងថវិកា ៤០,០០០រៀល។
បន្ទាប់ពីចែកអំណោយរួចរាល់ព្រះមេត្តិសត្ថា វង្ស កុសល ក៏បាននិមន្តចែកអំណោយជូនពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ទ្រាក់រលំផ្ទះទាំងស្រុង ១គ្រួសារ នៅក្នុងភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមានសំភារៈរួមមាន៖ អង្ក៣០គីឡូ, ទឹកត្រី១យួរ, ត្រីខ១យួរ, ទឹកស៊ីអ៊ីវ១យួរ, មី៣កេះ និងថវិកា ៣០០,០០០រៀល៕