(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា ចំណងមិត្តភាព និងទំនាក់ទំនងការទូតរវាងកម្ពុជា-ទីម័រខាងកើតនៅតែរឹងមាំ និងយូរអង្វែង។ លោករដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជា និងទីម័រខាងកើត ធ្លាប់មានប្រវត្ថិជូរចត់ជាមួយគ្នា និងកំសត់កម្រជាច្រើនមកហើយ។ ក្រៅពីទំនាក់ទំនងល្អខាងផ្នែកការទូត កម្ពុជា និងទីម័រខាងកើត ក៏ធ្លាប់បានធ្វើកិច្ចសហការការងារលើវិស័យសង្គមកិច្ចជាច្រើនផងដែរ ដើម្បីជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅកម្ពុជា។
ការលើកឡើងរបស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ជាមួយលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងសង្គមកិច្ច។
បន្ថែមពីលើនេះ លោក វង សូត ក៏បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រខាងកើត ពិតជាមានសារៈសំខាន់ណាស់លើវិស័យសង្គមកិច្ច។ លោកនៅតែស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការគ្រប់ពេលវេលា ហើយនឹងសហការឲ្យបានកាន់តែល្អ។
ជាមួយគ្នានោះ លោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតវិសាមញ្ញា និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានទទួលស្វាគមន៍ចំពោះជំនួបនេះ ហើយបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងទីម័រខាងកើត គឺពិតជាមានសារៈសំខាន់ពិតប្រាកដណាស់ សម្រាប់ទំនាក់ទំនងការទូត។
ក្រោយជួបសំណេះសំណាល លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច និងលោក Ermenegildo Kupa Lopes ឯកអគ្គរដ្ឋទូតទីម័រខាងកើត ក៏បានបង្ហើបពីគម្រោងចុះអនុស្សារណៈយោគយល់គ្នា ទៅលើវិស័យសង្គមកិច្ច ដែលគ្រោងរៀបចំធ្វើនាពេលឆាប់ៗខាងមុខនេះ៕