(ភ្នំពេញ)៖ ក្នុងស្មារតីគិតគូរជាប្រចាំការងារបោះឆ្នោតដែលជាអាយុជីវិតរបស់ប្រទេសជាតិ លោក ស៉ិក ប៊ុនហុក ប្រធាន គ.ជ.ប បានចុះពង្រឹងការងារដោយផ្ទាល់បន្ថែមទៀត នៅលេខាធិការរដ្ឋាន លធ.ខប ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០។
នៅថ្ងៃទី២-៣ ខែមិថុនា ឆ្នាំ២០២០ លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានជួបសំណេះសំណាល និងពង្រឹងបន្ថែមលើសមត្ថភាព មន្ត្រីលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្ត នៅទីស្នាក់ការលេខាធិការរដ្ឋានខេត្តចំនួន៣គឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
ការចុះមកដោយផ្ទាល់នេះ ប្រធាន គ.ជ.ប ត្រូវការស្តាប់ការលំបាកដែលថ្នាក់ក្រោមបានជួបប្រទះនាពេលកន្លងមក និងស្តាប់សំណូមពររបស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត ដើម្បីមានវិធានការណ៍ដោះស្រាយនៅថ្នាក់ដឹកនាំ គ.ជ.ប។
ជាមួយគ្នានេះ លោក ស៊ិក ប៊ុនហុក ក៏បានជម្រាបជូននូវការងារមួយចំនួនដែល គ.ជ.ប បានធ្វើកំពុងធ្វើ និងបន្តធ្វើរួមមាន៖
*កំណែទម្រង់ការបោះឆ្នោតនាពេលកន្លងមក ដែលធ្វើឱ្យការបោះឆ្នោតទទួលបានជោគជ័យនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិរហូតមកដល់បច្ចុប្បន្ន
*ការបន្តធ្វើកំណែទម្រង់ការបោះឆ្នោត ដើម្បីត្រៀមលក្ខណៈសម្រាប់ការចុះឈ្មោះបោះឆ្នោត ការបោះឆ្នោតសកល នាឆ្នាំ២០២២ និងឆ្នាំ២០២៣
*ការត្រៀមលក្ខណៈរបស់មន្ត្រីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ ដើម្បីទទួលយក និងអនុវត្តឱ្យខាងតែបាននូវកំណែទម្រង់ ការបោះឆ្នោតដែលនឹងត្រូវធ្វើតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន (IT) ក្នុងន័យធានាឱ្យបាននូវប្រសិទ្ធិភាពការងារបន្ថែមទៀតហើយនឹងត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ កាន់តែមានជំនឿទុកចិត្តកាន់តែខ្លាំងឡើងលើការបោះឆ្នោត។
ទន្ទឹមនឹងនេះ ប្រធាន គ.ជ.ប ក៏បានក្រើនរំលឹកថាត្រូវបន្តអនុវត្តតួនាទីរបស់ខ្លួនដោយគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា និងនីតិវិធី និងក្រមសីលធម៌សម្រាប់មន្ត្រីបោះឆ្នោត។
បន្ទាប់ពីបានបញ្ចប់កម្មវិធីសំណេះសំណាងនៅខេត្តចំនួន៣ខាងលើ លោក ស៊ិក ប៊ុនហុក នឹងបន្តដំណើរទៅជួបសំណេះសំណាលជាមួយមន្ត្រីនៃមន្រ្តីលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តប៉ៃលិន ខេត្តបន្ទាយមានជ័យ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ៕