(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានចេញសារលិខិតរំលែកទុក្ខ ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជូនចំពោះលោកស្រី ប្រាក់ ពៅ និងក្រុមគ្រួសារ លោកឧត្តមសេនីយ៍ទោ ស សាវី ចំពោះការបាត់បង់ដ៏គួរឱ្យសោកស្តាយ ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ក្នុងបេសកកម្មអង្គការ សហប្រជាជាតិ នៅសាធារណៈរដ្ឋម៉ាលី និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ របស់លោកឧត្ដមសេនីយ៍ទោ បានទៅកាន់សុគិតិភាព។
លិខិតរំលែកទុក្ខ របស់ក្រសួងមុខងារសាធារណៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ សូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសព ឧត្តមសេនីយ៍ទោ ស សាវី ដែលបានទទួលមរណភាព ដោយជំងឺកូវីដ១៩ ក្នុងបុព្វហេតុបំពេញបេសកកម្មមនុស្សធម៌ អង្គការសហប្រជាជាតិ កាលពីថ្ងៃ២៩ ខែឧសភា ឆ្នាំ២០២០ នៅប្រទេសម៉ាលី។
មរណភាពរបស់ ឧត្តមសេនីយ៍ទោ ស សាវី គឺជាការបាត់បង់ស្វាមី ឪពុក និងជីតា ប្រកប ដោយព្រហ្មវិហារធម៌ និងជាការបាត់បង់យុទ្ធជនដ៏ឆ្នើមមួយរូប របស់កម្ពុជា ដែលពោរពេញដោយ ឆន្ទៈ មនសិកាក្នុងការបំពេញបេសកកម្មជូនជាតិ និងអង្គការសហប្រជាជាតិ។
ក្រសួងមុខងារសាធារណៈ សូមគោរពដោយស្មោះស្ម័គ្រចំពោះវីរភាព និងពលិកម្មរបស់ ឧត្តមសេនីយ៍ទោ ស សាវី ក្នុងបុព្វហេតុជូនជាតិ និងអង្គការសហប្រជាជាតិ»។
សូមបញ្ជាក់ថា សពលោកឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល, ភរិយា ឈ្មោះ ប្រាក់ ពៅ អាយុ៤៩ឆ្នាំ មានកូន៣នាក់ បានទទួលមរណភាព កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងមន្ទីរពេទ្យក្នុងប្រទេសម៉ាលី បន្ទាប់ពីឆ្លងជំងឺកូវីដ១៩៕