(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ លោក គី ប្ញទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៉ើបសួរ បានចេញដីកាបង្គាប់ឲ្យយកក្រុមចោរប្លន់ចំនួន ៣នាក់ និង២នាក់ទៀត ពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សាទុកនូវគ្រឿងញៀនដោយខុសច្បាប់ ទៅដាក់ពន្ធនាគារព្រៃស (ម១) ដើម្បីរង់ចាំការជំនុំជម្រះទោសនៅពេលក្រោយ។ នេះបើតាមមន្ត្រីជាន់ខ្ពស់របស់សាលាដំបូងរាជធានីភ្នំពេញ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ។
កាលពីព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ នគបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ បានបញ្ជូនខ្លួនក្រុមចោរប្លន់ជើងចាស់ ៣នាក់ និង២នាក់ទៀតពាក់ព័ន្ធបទចែកចាយ និងជួញដូរគ្រឿងញៀនខុសច្បាប់ សរុប៥នាក់ ទៅកាន់តុលាការដើម្បីប្រគល់ជូនតំណាងអយ្យការ បើកការស៉ើបសួរ និងចោទប្រកាន់តាមផ្លូវច្បាប់។
លោក អេង សោភា ប្រធានការិយាល័យពហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញ បានឲ្យអង្គភាពព័ត៌មាន Fresh News បានដឹងថា ស្នងការសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានចុះបង្ក្រាបក្រុមចោរប្លន់បានចំនួន ៣នាក់ និង២នាក់ទៀតពាក់ព័ន្ធបទល្មើសជួញដូរ និងរក្សារទុកនូវគ្រឿងញៀនដោយខុសច្បាប់។
លោក អេង សោភា បានបញ្ជាក់បន្ថែមទៀតថា សកម្មភាពរួមគ្នាបង្ក្រាបចោរប្លន់វ័យចំណាស់ៗ ដែលប្រកបដោយជំនាញប្លន់នេះ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៦៖៣០នាទី នៅចំណុចមុខផ្ទះលេខ៣៩២ ផ្លូវលេខ ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីប្លន់កាបូបប្រាក់របស់ឈ្មោះ ហេង លី ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ បង្កដោយជនសង្ស័យ ៣នាក់។
រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់។
នេះជាប្រតិបត្តិការបង្ក្រាប ករណីលួចមានស្ថានទម្ងន់ទោស (ប្លន់កាបូបដាក់ប្រាក់របស់អ្នកលក់មាស) និងជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យបាន ៣នាក់ រួមមាន៖
*ទី១៖ ឈ្មោះ ភាង ភ័ណ្ឌ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ២៩ ក្រុម១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្លន់ និងជួញដូរគ្រឿងញៀន)។
*ទី២៖ ឈ្មោះ ជា រ៉ាន់ ភេទប្រុស អាយុ ៤៥ឆ្នាំ មុខរបរអ្នកអនាម័យ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ផ្ទះជួលលេខ២៩ ក្រុម១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្លន់ និងជួញដូរគ្រឿងញៀន)។
*ទី៣៖ ឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរលក់សាច់ឆ្កែ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិសាឡូង សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ប្លន់)។
សម្ភារចាប់យក រួមមាន៖ ម៉ូតូចំនួន ២គ្រឿង (ហុងដាសេ១២៥ និងអ៊ែរប្លែក), កាំភ្លើងខ្លី ២ដើម (ម៉ាកកា៥៩) បង់ចំនួន២ និងគ្រាប់ចំនួន ៧គ្រាប់, គ្រឿងញៀនចំនួន ៤៧៨.៣២ក្រាម, និងថ្នាំគ្រាប់រូបក្បាលខ្មោច ពណ៌កាប់ស្ទាំងចំនួន ២៥គ្រាប់។ ជនសង្ស័យទាំង ៣នាក់ បានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តសកម្មភាពខាងលើនេះពិតប្រាកដមែន៕