(ព្រះសីហនុ)៖ កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១៖៤៧នាទី នៅចំណុចហាងឈ្មោះ ជៀហុង ស្ថិតក្នុងភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានក្រុមជនសង្ស័យចំនួន ៦នាក់ បានចូលបន្លំខ្លូនធ្វើជាអ្នកមកទិញទំនិញ ឆ្លៀតពេលមានឱកាសល្អ ក្រុមជនសង្ស័យបានយកស្ព្រាយ៍បាញ់ភ្នែកជនរងគ្រោះ ព្រមទាំងវាយធ្វើទារុណកម្ម ហើយបានប្លន់យកប្រាក់ និងសំភារមួយចំនួន រួចគេចខ្លួនបាត់អស់។
ក្រោយមានបទល្មើសនេះកើតឡើង ឆ្លងតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្រោមការបញ្ជារបស់ស្នងការនគរបាល ខេត្តព្រះសីហហនុលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានកំណត់អត្តសញ្ញាណជនសង្ស័យ និងបានឈានទៅដល់ការចាប់ខ្លួនជនសង្ស័យចំនួន៤នាក់ក្នុងនោះមានជនជាតិចិន៣នាក់។
យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលអង្គភាពព័ត៌មាន Fresh News បានឲ្យដឹងថា រហូតដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ២៣ និង០០នាទី សមត្ថកិច្ចបានចាប់ខ្លួនក្រុមជង្ស័យចំនួន ៤នាក់ ខណៈជិះរថយន្ត០១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ (ប្រើដីឥដ្ឋមកបិទស្លាកលេខរថយន្ត) នៅចំណុចផ្លូវអូរ៣ ស្ថិតនៅភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ ករណីនេះជនរងគ្រោះឈ្មោះ Zheng WenJin ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរអ្នកគ្រប់គ្រង មានទីលំនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ជនសង្ស័យចំនួន ០៤នាក់ មានដូចខាងក្រោម៖
*ទី១៖ ឈ្មោះ ជា លក្ខណៈបញ្ញា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ (ចេះភាសារចិន) មុខរបរមិនពិតប្រាកដមានទីលំនៅ សង្កាត់ច្បារអំពៅ០២ ខណ្ឌច្បារអំពៅ០២ រាជធានីភ្នំពេញ
*ទី២៖ ឈ្មោះ YUE MING WEI ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរឈ្មួញកណ្តាល កាន់លិខិតឆ្លងដែនលេខ (គ្មាន) មានទីលំនៅភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី៣៖ ឈ្មោះ LIU JIE ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងកាស៊ីណូ ហ៊ួយហ័រ កាន់លិខិតឆ្លងដែនលេខ (គ្មាន) មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ
*ទី៤៖ ឈ្មោះ ZENG WEI XING ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ (គ្មាន) មានទីលំនៅ ភូមិ១ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ក្រោយចាប់ខ្លួនជនសង្ស័យទាំង៤នាក់ កម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន៖
*កាំបិតស្នៀត ១ដើម
*ស្នាប់ដៃ ១
*កូនសោរខ្នោះ ២
*ទូរស័ព្ទដៃចំនួន ៤គ្រឿង
*រថយន្ត ១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BF-2749 (ប្រើដីឥដ្ឋមកបិទស្លាកលេខរថយន្ត)។
ជនសង្ស័យឈ្មោះ ជា លក្ខណៈបញ្ញា និងឈ្មោះ ZENG WEI XING បានសារភាពថា ពួកវាពិតជាបានបានចូលរួមធ្វើសកម្មភាពប្លន់ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ២១ និង៤៧នាទី នៅចំណុចហាងឈ្មោះ ជៀហុង ស្ថិតក្នុងភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ជាមួយបក្ខពួកជនជាតិចិន ៤នាក់ទៀតប្រាកដមែន។
បច្ចុប្បន្នបក្ខពួកជនជាតិចិន៤នាក់ សមត្ថកិច្ចយើងកំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីស្វែងរកចាប់ខ្លួន មកផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យទាំង៤នាក់ខាងលើបានសារភាពថា បន្ថែមទៀតថា នៅថ្ងៃកើតហេតុ ពួកវាបានប្រើប្រាស់រថយន្ត ០១គ្រឿង ម៉ាក TOYOTO PRIUS ពណ៌ទឹកប្រាក់ (ប្រើដីមកបិទស្លាកលេខរថយន្ត) ក្នុងគោលបំណងចាប់ស្រី ជនជាតិចិន១ម្នាក់ឈ្មោះ Niu Niu ជាបុគ្គលិកហាងម៉ាស្សាឈ្មោះ ជីងហាវ ម្តុំកែងតុលាការ ស្ថិតក្នុងភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដើម្បីជំរិតទារប្រាក់ តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ចំពោះជនសង្ស័យ និងវត្ថុតាងកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់៕