(ភ្នំពេញ)៖ ស្ពានស្ទឹងត្រង់- ក្រូចឆ្មារ ដែលបានតភ្ជាប់ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ គិតមកដល់ខែឧសភា ឆ្នាំ២០២០នេះ បានសម្រេចការសាងសង់ ៨៧.៥% ហើយ គម្រោងនេះនឹងរួចរាល់នៅខែមីនា ឆ្នាំ២០២១ ហើយស្ពាននេះនឹងអាចតភ្ជាប់រួចរាល់នៅខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ ។
យោងតាម Facebook ផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងទៀតថា ស្ពាននេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរបស់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តឃ្មុំ ដែលរស់នៅយ៉ាងច្រើនកុះករ នៅត្រើយខាងកើត និងត្រើយខាងលិចទន្លេមេគង្គឱ្យបានងាយស្រួល និងឆាប់រហ័ស។
សូមបញ្ជាក់ថា ស្ពាននេះមានប្រវែងសរុប ១,១៣១ម៉ែត្រ និងទទឹង ១៣.៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុប ៥៦.៩៩លានដុល្លារសហរដ្ឋអាមេរិក នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ៕