(ភ្នំពេញ)៖ លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឱ្យដឹងថា ក្រុមសហជីព និងមេធាវី នឹងរៀបចំបែបបទ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់កម្មករ៥នាក់ ដែលសមត្ថកិច្ចចាប់ខ្លួន ក្រោយហេតុការណ៍ប៉ះទង្គិចគ្នា នៅរោងចក្រ Agile sweater ក្នុងខេត្តកំពង់ស្ពឺ។ លោករំពឹងថា តុលាការនឹងដោះលែងកម្មករទាំងនោះ នៅសប្តាហ៍ក្រោយតែម្តង។
គម្រោងរៀបចំបែបបទធានាដល់កម្មករទាំង៥នាក់នេះ ធ្វើឡើងកិច្ចប្រជុំសម្របសម្រួល របស់អាជ្ញាធរខេត្តកំពង់ស្ពឺ និងតំណាងមន្ទីរការងារ ជាមួយក្រុមសហជីព ដែលព្រមានធ្វើបាតុកម្ម កាលពីម្សិលមិញ។
លោក ប៉ាវ ស៊ីណា បានប្រាប់ Fresh News នៅរសៀល ថ្ងៃសៅរ៍នេះថា «គាត់បានឱ្យយើងរៀបចំមេធាវី តំណាងឱ្យបងប្អូនកម្មករ-សហជីព ដែលនៅជាប់ឃុំហ្នឹង ដើម្បីរៀបចំតាមនីតិវិធីស្នើសុំឱ្យបាននៅក្រៅឃុំ នៅថ្ងៃចន្ទក្រោយហ្នឹង»។
សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់ខ្លួន កម្មករ៥នាក់ ដែលជាសមាជិកសហជីពសម្ព័ន្ធចលនាកម្មករ បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅម្តុំរោងចក្រ Agile sweater ដែលស្ថិតនៅភូមិតាអោង ក្រុងច្បារមន ជាពេលដែលកម្មករ ទាមទារលក្ខខណ្ឌការងារ ៩ចំណុចពីថៅកែ។
ក្រោយការចាប់ខ្លួននេះ ក្រុមសហជីពបានធ្វើយុទ្ធនាការ ជាបន្តបន្ទាប់ ទៅប្រមុខរាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធមួយចំនួន ដើម្បីឱ្យមានការដោះលែងពួកគេ។ ក្រុមសហជីពក៏ធ្លាប់បានព្រមានដែរថា នឹងធ្វើបាតុកម្មទ្រង់ទ្រាយធំ ដើម្បីទាមទារឱ្យដោះលែង សមាជិករបស់ខ្លួន៕