(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងធ្វើការជាមួយរដ្ឋាភិបាលអូស្រ្តាលី និងដៃគូនានា ក្នុងការអភិវឌ្ឍឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងដើម្បីទាក់ទាញវិនិយោគ ពីក្នុងស្រុកនិងអន្តរជាតិបន្ថែមទៀត។
ការអភិវឌ្ឍវិស័យនេះ គឺមានសារៈសំខាន់ណាស់ ដោយសារផលិតផលកសិកម្មនាំចេញ របស់ប្រទេសកម្ពុជាមួយចំនួន មិនត្រូវបានកែច្នៃក្នុងស្រុកនោះទេ។ កិច្ចសហការនេះ នឹងជួយបង្កើតឱកាសក្នុងការបង្កើនតំលៃបន្ថែម ក៏ដូចជាបង្កើតការងារនៅក្នុងវិស័យកសិកម្ម ឲ្យកាន់តែច្រើន ដែលវិស័យនេះ មានទំហំស្មើនឹង ២២ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ សហគ្រិនខ្មែរ (Khmer Enterprise) ដែលជាស្ថាប័នប្រតិបត្តិករមួយ ក្រោមការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) រួមជាមួយនឹង កម្មវិធីខ្សែសង្វាក់តំលៃកសិកម្មកម្ពុជា-អូស្រ្តាលី (CAVAC) ដែលជាកម្មវិធីរបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យមានភាពរឹងមាំ និងភាពប្រកួតប្រជែងខ្ពស់ ព្រមជាមួយនឹងវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលជាសាកលវិទ្យាល័យសាធារណៈមួយ ស្ថិតក្រោមក្រសួងអប់រំ យុវជន និង កីឡា កំពុងសហការអនុវត្តគម្រោង «វេទិកា កិច្ចសហប្រតិបត្តិការរវាង វិស័យសាធារណៈ វិស័យឯកជន និងគ្រឹះស្ថានស្រាវជ្រាវ» ក្នុងគោលបំណងផ្តល់កិច្ចគាំទ្រផ្នែកហិរញ្ញវត្ថុ និង បច្ចេកទេសដល់សហគ្រាសធុនតូច និង មធ្យម (SMEs) សំដៅជំរុញអោយមានផលិតផលកសិ-ម្ហូបអាហារថ្មីៗលក់នៅក្នុងទីផ្សារ។
ក្នុងភាពជាដៃគូនេះ សហគ្រិនខ្មែរ និង កម្មវិធីកាវ៉ាក់ នឹងផ្តល់ជាវត្ថុធាតុដើម ជំនួយខាងជំនាញបច្ចេកទេស និង ហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូច និង មធ្យម ដែលចូលរួមក្នុងគម្រោងនេះ។ ទន្ទឹមនឹងនេះដែរ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងផ្តល់ជំនួយបច្ចេកទេសបន្ថែម, បរិក្ខារ, និង ទីកន្លែងរបស់ខ្លួន ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍ និង កែច្នៃផលិតផលកសិ-ម្ហូបអាហារនេះ។ សហគ្រាសធុនតូច និង មធ្យម ដែលចាប់អារម្មណ៍ចូលរួមក្នុងគម្រោងនេះ សូមទៅធ្វើការពិគ្រោះយោបល់ជាមួយ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដើម្បីសរសេរសំណើ រួចផ្ញើទៅកាន់កម្មវិធីកាវ៉ាក់ ដើម្បីធ្វើការពិនិត្យ។ ប្រសិនបើសំណើត្រូវបានជ្រើសរើស សហគ្រាសធុនតូច និង មធ្យមដែលទទួលបានជោគជ័យ នឹងធ្វើការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ទៅលើការច្នៃប្រឌិតផលិតផល និង ការផ្ទេរបច្ចេកវិទ្យា។ គម្រោងនេះ នឹងចាប់ផ្តើមបើកទទួលពាក្យស្នើ ចាប់ពីពាក់កណ្តាលខែមិថុនានេះ។
លោក Pablo Kang ឯកអគ្គរាជទូតនៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានថ្លែងថា «ការជំរុញផលិកម្មកសិកម្ម និងចំណីអាហារ គឺជាផែ្នកមួយដ៏សំខាន់ក្នុងការចូលរួមចំណែករបស់រដ្ឋាភិបាលអូស្រ្តាលី ក្នុងការទប់ទល់នឹងវិបត្តិជម្ងឺកូវីដ១៩ក្នុងប្រទេសកម្ពុជា»។
លោក Pablo Kang បានបន្ថែមថា «រាជរដ្ឋាភិបាលអូស្រ្តាលី តាមរយៈកម្មវិធីកាវ៉ាក់ បានគាំទ្រវិស័យកសិ-ម្ហូបអាហារនៅកម្ពុជាជាច្រើនឆ្នាំមកហើយ។ នាពេលនេះ រដ្ឋាភិបាលអូស្រ្តាលីមានសេចក្តីសោមនស្សរីករាយ ក្នុងការសហការជាមួយសហគ្រិនខ្មែរ និងវិទ្យាស្ថានបច្ចេកទេសកម្ពុជា ក្នុងការកសាងមូលដ្ឋានគ្រឹះសម្រាប់ឧស្សាហកម្មផលិតចំណីអាហារដែលមានគុណភាពខ្ពស់នៅកម្ពុជា ដែលនឹងផលិតដោយសហគ្រាសកម្ពុជាធុនតូច និង មធ្យម»។
បណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិនៃសហគ្រិនខ្មែរ បានថ្លែងថា «ដោយមានការគាំទ្រពី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហគ្រិនខ្មែរ មានចក្ខុវិស័យក្លាយជាវេទិកាថ្នាក់ជាតិ សម្រាប់ការលើកកម្ពស់គ្រប់សកម្មភាពរបស់វិស័យសហគ្រិនភាពនៅក្នុងប្រទេសកម្ពុជា។ គម្រោងនេះ ស្ថិតនៅក្នុងវិស័យអាទិភាពមួយរបស់សហគ្រិនខ្មែរ គឺ វិស័យកែច្នៃផលិតផលកសិកម្ម»។
លោកបានបន្ថែមថា «ក្រៅពីជំនួយគាំទ្រដល់ការអភិវឌ្ឍការកែច្នៃផលិតផលកសិ-ម្ហូបអាហារ សហគ្រាសធុនតូច និង មធ្យមក៏អាចទទួលបានការគាំទ្រផ្សេងៗទៀតពីសហគ្រិនខ្មែរ ដូចជាការបង្កើនសមត្ថភាព និងឱកាសវិនិយោគរួមគ្នាផងដែរ»។
បណ្ឌិត អ៊ុម រម្យណី នាយកនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានចង្អុលបង្ហាញថា ចក្ខុវិស័យរបស់វិទ្យាស្ថានគឺ ចង់ក្លាយជាសាកលវិទ្យាល័យឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជាលើថ្នាក់ឧត្តមសិក្សា និងការផ្ទេរបច្ចេកវិទ្យា ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព។ ជាមួយនឹងគម្រោងនេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា នឹងប្រើឧបករណ៍ពិសោធន៍ដែលមានស្រាប់ រួមទាំងជំនាញ និងបច្ចេកវិទ្យា ក្នុងការអភិវឌ្ឍការកែច្នៃផលិតផលកសិ-ម្ហូបអាហារ ដើម្បីជួយសហគ្រាសធុនតូច និងមធ្យម ក្នុងការផលិត ផលិតផលកសិ-ម្ហូបអាហារថ្មីៗ៕