(ស្ទឹងត្រែង)៖ រដ្ឋបាលខេត្តស្ទឹងត្រែង បានបើកកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព ការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅភារកិច្ចបន្ត ក្នុងគោលបំណង ពង្រឹងការអនុវត្តការងារ ឲ្យកាន់តែមានប្រសិទ្ធិភាព ទៅតាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ សម្រាប់អភិវឌ្ឍន៍ខេត្តស្ទឹងត្រែង ឲ្យកាន់តែមានការរីកចម្រើន។
កិច្ចប្រជុំនេះ រៀបចំធ្វើឡើង ក្រោមអធិបតីភាពលោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង និងមានការចូលរួមពី លោក លោកស្រី អភិបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធបីប្រភេទ លោក-លោកស្រី ប្រធានមន្ទីរជុំវិញខេត្ត នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។
ក្នុងកិច្ចប្រជុំនេះ លោក ម៉ុម សារឿន ក៏បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់មន្ត្រីរាជការ មន្ទីរជំនាញ អង្គភាពក្រុងស្រុក ដែលបានខិតខំប្រឹង អស់កម្លាំងកាយចិត្ត ក្នុងកាអនុវត្តការងារសហការគ្នា យ៉ាងជិតស្និតក្នុងការចូលរួមអភិវឌ្ឍន៍ខេត្ត ឲ្យមានភាពរីកចម្រើនជាបន្តបន្ទាប់។
ជាក់ស្តែង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ជាចរន្តដង្ហើមសេដ្ឋកិច្ច បានស្ថាបនា និងជួសជុលកែលម្អឡើងវិញ នូវទូទាំងខេត្តស្ទឹងត្រែង ដើម្បីបង្ករលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ និងនាំកសិផលមកកាន់ទីផ្សារ និងបានយកចិត្តទុកដាក់ខ្ពស់ ពីបញ្ហាសុខភាព សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ ជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។
នាឱកាសនោះ លោកអភិបាលខេត្ត បានលើកទឹកចិត្ត ឲ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវសហការគ្នាយ៉ាងជិតស្និត ជាមួយអាជ្ញាធរមូលដ្ឋាន ក៏ដូចមន្ទីរជំនាញ បង្រ្កាបបទល្មើសផ្សេងៗ ឲ្យបានទាន់ពេលវេលា ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ឲ្យបានកាន់តែល្អប្រសើរ ជំរុញការបង្ករបង្កើនផល ដល់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានេះដែរ មន្ទីរសុខាភិបាល ត្រូវសហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវបន្តសកម្មភាព អប់រំណែនាំ ផ្សព្វផ្សាយ និងជំរុញឲ្យប្រជាពលរដ្ឋបង្កើនការ ប្រុងប្រយ័ត្នជានិច្ចទប់ស្កាត់ នូវជំងឺរលាក់ផ្លូវដង្ហើមថ្មី Covid-19 និងជំងឺដង្កាត់ផ្សេងៗ ដែលបង្កឡើងនូវរដូវភ្លៀងធ្លាក់នេះ តាមរយៈការរក្សានូវអនាម័យ ជាងនេះទៅទៀត ជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានម៉ឺងម៉ាត់ស្របទៅតាមការណែនាំ របស់រាជរដ្ឋាភិបាល៕