(ស្វាយរៀង)៖ លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងារចុះជួយសង្កាត់ស្វាយរៀង និងក្រុមការងារ ព្រមទាំងគណៈកម្មាធិការគណបក្សសង្កាត់ស្វាយរៀងនៅរសៀល ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចូលរួមបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា មានឈ្មោះ នួន ចន្ថា ភេទស្រី អាយុ ៦២ឆ្នាំ ដែលមានទីលំនៅ ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដោយបានចូលបុណ្យសពនូវថវិកាចំនួន ៣០០,០០០រៀល អង្ករ ៥០គីឡូក្រាម និងគណៈកម្មាធិការ គណបក្សសង្កាត់ ១៧០,០០០រៀល។
បន្ទាប់ពីចូលបុណ្យសពសមាជិកគណបក្សប្រជាជនកម្ពុជា រួចមកលោកវេជ្ជបណ្ឌិត កែរ រដ្ឋា ព្រមទាំងក្រុមការងារ បានចុះសួរសុខទុក្ខលោក ឃួន រ៉ា ដែលរងគ្រោះ ដោយអគ្គីភ័យឆាបឆេះផ្ទះរបស់គាត់កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ និងបានឧបត្ថម្ភថវិកាចំនួន៧៩០,០០០រៀល និងសម្ភារប្រើប្រាស់មួយចំនួនមាន៖ អង្ករ ៥០គីឡូក្រាម ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ មី ១កេស ទឹកដោះគោ ២កំប៉ុង ស្ករស១គីឡូ សារ៉ុង១ ក្រម៉ា១ ម៉ាស១ប្រអប់ និងជែលសម្អាតដៃ២ដប។
នៅក្នុងឱកាសនោះលោក កែ រដ្ឋា បានថ្លែងនូវការផ្តាំផ្ញើរនូវការសាកសួរសុខទុក្ខពីសំណាក់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារបស់រាជ រដ្ឋាភិបាលចុះជួយខេត្តស្វាយរៀង ដែលជានិច្ចជាកាលលោកស្រី តែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ហើយទីណាមានទុក្ខលំបាក គឺមានវត្តមានលោកស្រី និងក្រុមការងារចុះផ្ទាល់ដល់ខ្នងផ្ទះពលរដ្ឋដើម្បីជួយទាន់ពេលវេលា។
ជាមួយគ្នានេះលោក កែ រដ្ឋា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីដែលជាប្រភពនៃគ្រោះថ្នាក់ និងត្រូវត្រៀមឧបករណ៍ពន្លត់អគ្គីភ័យ និងទឹកនៅក្នុងពាងជាប់ជាប្រចាំ ហើយសូមកុំអស់សង្ឃឹមត្រូវប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ព្រោះអំណោយដែលបានផ្តល់ជូនពេលនេះ អាចជួយសម្រាលការលំបាកបានមួយគ្រាតែប៉ុណ្ណោះ៕