(ភ្នំពេញ)៖ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ស្អែកនេះ ក្រសួងមហាផ្ទៃ នឹងរៀបចំពិធីកម្ទេចចោលឱសថក្លែងក្លាយ អន់គុណភាព និងផលិតផលក្លែងក្លាយខុសច្បាប់ ចំនួន១៣០តោន ដែលកម្លាំងសមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការ បានបង្ក្រាប និងរឹបអូសរក្សាទុកនាពេលកន្លងមក។
នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០។
ពិធីនេះ រៀបចំធ្វើឡើងក្រោមអធិបតីភាព លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការជាច្រើនរូប។
ការកម្ទេចចោលទំនិញទាំងនេះ ត្រូវបានអនុវត្តតាមការបង្គាប់របស់តុលាការ ឲ្យធ្វើការកម្ទេចចោល ដែលនឹងប្រារព្ធពិធីកម្ទេច នាវេលាម៉ោង០៧៖០០នាទីព្រឹក នៅទីលានសំរាមដង្កោ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ (ផ្លូវចូលជាប់សាលាសង្កាត់ជើងឯក)៕