(កំពត)៖ ឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងលោកស្រីឧកញ៉ា គៀន ស្រីនាង បានឧបត្ថម្ភថវិកា និងស្បៀងអាហារមានតម្លៃទឹកប្រាក់សរុបជិត ៨៣លានរៀល ជូនដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដើម្បីទ្រទ្រង់ដល់សកម្មភាពមនុស្សធម៌នៅក្នុងខេត្ត។
ថវិកា និងស្បៀងអាហារដែលជាអំណោយរបស់លោកឧកញ៉ា ទ្រី ភាព និងភរិយា ត្រូវបានលោក លាង ច័ន្ទមុន្នី និងក្រុមការងារ យកទៅប្រគល់ជូនលោក ជា តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ។
អំណោយដែលលោកឧកញ៉ា ទ្រី ភាព និងភរិយាប្រគល់ជូនកាកបាទក្រហមខេត្តរួមមាន៖ ថវិកា ៤០លានរៀល, អង្ករ ១០តោន, មីជាតិ ៦០០កេះ ព្រមទាំងទឹកអាកុល ៣០០លីត្រផងដែរ។ សរុបជាថវិកាមានតម្លៃជិត ៨៣លានរៀល។
លោក ជាវ តាយ បានកោតសរសើរ និងថ្លែងអំណរគុណដល់លោកឧកញ៉ាបណ្ឌិត ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប និងលោកស្រីឧកញ៉ា គៀន ស្រីនាង ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនជួយទ្រទ្រង់ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។ លោក ជាវ តាយ បន្តថា អំណោយទាំងនេះ ចូលរួមចំណែកយ៉ាងសំខាន់ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់ត្រៀមបម្រុងជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងខ្វះខាតជីវភាព ពិសេស ក្នុងស្ថានភាពបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ១៩ នៅក្នុងមូលដ្ឋាននៅខេត្តកំពត។
ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានបន្ថែមថា អំណោយទាំងនេះ ជាតម្រូវការចាំបាច់សម្រាប់យកទៅផ្ដល់ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងខ្វះខាតជីវភាព។
លោកប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បានចាត់ទុកអំណោយអង្ករគ្រឿងឧបភោគបរិភោគ សម្ភារបរិក្ខាវេជ្ជសាស្ត្រ និងថវិកា នាពេលនេះ គឺពិតជាសំខាន់ ដែលបានរួមចំណែកដល់សកម្មភាពមនុស្សធម៌ ជាមួយសាខាកាកបាទក្រហមខេត្ត ក៏ដូចជារដ្ឋបាលខេត្ត និងរាជរដ្ឋាភិបាល ដើម្បីជាតម្រូវការដោះស្រាយជូនប្រជាពលរដ្ឋ ក្នុងស្ថានការណ៍ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ ដែលជាជំងឺឆ្លងសកលពិភពលោក ក៏ដូចរាជរដ្ឋាភិបាលកម្ពុជាយើង បាននិងកំពុងយកចិត្តទុកដាក់ដោះស្រាយការលំបាកទាំងនេះ៕