(ភ្នំពេញ)៖ ក្រុមការងារកងរាជអាវុធហត្ថលើផ្ទៃប្រទេសដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត នាយករងខុទ្ទកាល័យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកសម្របសម្រួលមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថទូទាំងប្រទេស តំណាងរបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយប្រតិភូអមដំណើរ ក្រុមការងារ បាននាំយកថវិកា របស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៣០លានរៀល ទៅប្រគល់ជូនក្រុមគ្រួសារសព លោកវរសេនីយ៍ត្រី ជីវ សុខា នាយផ្នែក ការិយាល័យ អធិការកិច្ចកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលទើបទទួលមរណៈភាពនាពេលថ្មីៗនេះ ដោយរោគាពាធ។
លោកឧត្តមសេនីយ៍ទោ ឌៀប វណ្ណឌី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសួរសុខទុក្ខរបស់នាយឧត្តមសេនីយ៍ សៅ សុខា ទៅកាន់ក្រុមគ្រួសារនៃសព និងបានលើកទឹកចិត្តក្រុមគ្រួសារសព ក្នុងការបន្តដំណើរជីវិតអោយបានកាន់តែប្រសើរជាងនេះ សម្រាប់ថ្ងៃអនាគត។
លោកវរសេនីយ៍ត្រី ម៉ាន់ ដាវីត បានឲ្យដឹងដែរថា ថវិកាដែលបានពាំនាំយកមកនេះ គឺមិនអាចសមស្របទៅតាមតំរូវការ ដើម្បីប៉ះប៉ូវក្នុងការបាត់បង់លោកវរសេនីយ៍ត្រី ជីវ សុខា នោះទេ តែវាជាចូលរួមចំណែក ដោះស្រាយនូវបញ្ហាចំពោះមុខសំរាប់ជីវភាពរបស់ប្អូនក្រុមគ្រួសារ ដែលជាគោលគំនិតផ្តួចផ្តើម ដឹកនាំដ៏ឈ្លាសវៃដោយយកចិត្តទុកដាក់បំផុតរបស់នាយឧត្តមសេនីយ៍ សៅ សុខា ក្នុងការចូលរួមមើលថែ ក្នុងជីវភាពរស់នៅបច្ចុប្បន្ន និងថ្ងៃទៅមុខ របស់ក្រុមគ្រួសារបងប្អូនកងរាជអាវុធហត្ថ បន្ទាប់ពីបានបាត់បង់សមាជិកជាទីស្រលាញ់ទៅ ដោយគ្មានថ្ងៃនឹងវិលត្រឡប់វិញឡើយ៕