Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យកាល់ម៉ែត កំពុងពង្រីកវិសាលភាពខ្លួន ដើម្បីចូលរួមចំណែកព្យាបាលជំងឺ ជូនប្រជាពលរដ្ឋនៅទូទាំងប្រទេស

16-01-2016 16:33

(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត គឺជាមន្ទីរពេទ្យជាតិរបស់កម្ពុជា ដែលបានកសាងឡើងក្រោយពីទទួលរងភាពខ្ទេចខ្ទំ ពីសម័យកម្ពុជាប្រជាធិបតេយ្យ សម័យប៉ុលពត។ មន្ទីរពេទ្យជាតិមួយនេះ ទទួលបំរើការព្យាបាលជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង ដោយមិនប្រកាន់ជាតិសាសន៍ ពណ៍សម្បុរ និងប្រកាន់និន្នាការនយោបាយឡើយ។

ក្រុមវេជ្ជបណ្ឌិតដែលបំរើការងារ នៅមន្ទីរពេទ្យកាល់ម៉ែត សុទ្ធសឹងជាវេជ្ជបណ្ឌិត ដែលមានវិជ្ជាជីវៈត្រឹមត្រូវ និងមានចំណេះដឹងគ្រប់គ្រាន់ ដោយសារតែគ្រូពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត ដែលទទួលបានការបណ្តុះបណ្តាលមកពីបរទេស។ ក្រោយពីទទួលបានការបណ្តុះបណ្តាល ក្រុមវេជ្ជបណ្ឌិត បានត្រលប់មកកាន់ប្រទេសកម្ពុជាវិញ ដើម្បី​បំរើការព្យាបាលដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។ នេះបើតាមការលើកឡើងពី សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកនៃមន្ទីរពេទ្យកាល់ម៉ែត។

សាស្រ្តាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកនៃមន្ទីរពេទ្យកាល់ម៉ែតបានលើកឡើងបន្តថា បច្ចុប្បន្ននេះមន្ទីរពេទ្យកាល់ម៉ែតកំពុងតែបន្តការ ជួលជុល និង ពង្រីកបន្ថែមទៀត នូវអាគារព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋ ក្នុងនោះក៏មានការរៀបចំបន្ទប់សម្រាក គ្រប់កំរិត មានបន្ទប់ពិសេស បន្ទប់មធ្យម និងបនទប់សម្រាកសម្រាប់ប្រជាពលរដ្ឋក្រីក្រផងដែរ។

កាលពីពេលថ្មីៗនេះមន្ទីរពេទ្យកាល់ម៉ែត ក៏បានពង្រីកបន្ថែម លើការសាងសង់អគារថ្មីទៀត នោះគឺមជ្ឈមណ្ឌលវិទ្យាសាស្រ្តប្រព័ន្ធប្រសាទ ដើម្បីព្យាបាលប្រជាពលរដ្ឋដែលមានបញ្ហាសរសៃរប្រសាទ ដាច់សរសៃរឈាមក្នុងខួរក្បាល។ នៅក្នុងពិធីបើកការដ្ឋានសាងសង់នោះ គឺមានការចូលរួមពីវត្តមានដ៏ខ្ពង់ខ្ពស់ពី ព្រះមហាក្សត្រ សម្តេច បរមនាថ នរោត្តម សីហមុនី សម្តេចេតជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងមន្រ្តីពាក់ព័ន្ធជាច្រើននាក់ទៀត។

ប្រជាពលរដ្ឋ ធ្លាប់បានសម្រាកព្យបាលនៅមន្ទីរពេទ្យកាល់ម៉ែត បានសរសើរ ដល់សេវាកម្មដែលនៅក្នុងមន្ទីរពេទ្យកាល់ម៉ែតថា មន្ទីរពេទ្យមួយនេះ បានជួយព្យាបាលដល់ប្រជាពលរដ្ឋ ក្នុងការថែទាំសុខភាពមិនថា ជាប្រជាពលរដ្ឋទូទៅ រឺ ប្រជាពលរដ្ឋក្រីក្រ ខ្វះខាតឡើយ៕