(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះដល់ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២០។
សេចក្តីជូនដំណឹងបានឲ្យដឹងថា តាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់ នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុងនិរតី មានឥទ្ធិពលបង្គួរបក់មកលើកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យ ចាប់ពីថ្ងៃទី ០៣ ដល់ថ្ងៃទី ០៩ ខែមិថុនា៖
១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦°C ។
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរ ក្នុងនោះក៏មានផ្នែកខ្លះនៃវាលទំនាប ភាគពាយ័ព្យ និងភាគកណ្តាល នឹងអាចមានភ្លៀងធ្លាក់ច្រើន។
២៖ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦°C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C ។
នឹងអាចមានភ្លៀងពីខ្សោយទៅមធ្យម ។
៣៖ បណ្តាខេត្តនៅតំបន់មាត់សមុទ្រ ៖
- សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧°C
- សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
នឹងអាចមានភ្លៀងពីតិចទៅបង្គួរ ។
ក្រសួងក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដែលនឹងអាចបន្តកើតមាន ជាពិសេសតំបន់វាលទំនាប តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៕