(បន្ទាយមានជ័យ)៖ លោក លី សារី អភិបាលរង ខេត្តបន្ទាយមានជ័យ និងក្រុមការងារជាច្រើនាក់ នៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ បានជួបប្រជុំជាមួយចៅសង្កាត់កោះពងសត្វ និងចុះពិនិត្យជាក់ស្តែង លើទីតាំងដែលស្នើសុំប្រេងម៉ាហ្សូត ចំនួន១៥០០លីត្រដើម្បីយកទៅចាក់ម៉ាស៊ីនបូមទឹក ដាក់ជួយសង្គ្រោះស្រែប្រាំង៤៧០ហិតា នៅក្នុងភូមិ៤ នៃសង្កាត់កោះពង់សត្វ ក្រុងសិរីសោភ័ណ។
លោក លី សារី បានថ្លែងថា ប្រេងម៉ាហ្សូតទាំង១៥០០លីត្រ ដែលលោកចៅសង្កាត់ស្នើសុំនាពេលនេះ លោកនិងក្រុមការងារត្រូវទៅពិនិត្យជាក់ស្តែងសិន មុនរាយការណ៍ទៅលោកអភិបាលសម្រេច។ លោក លី សារីបានផ្តាំផ្ញើដល់លោកចៅសង្កាត់កោះពងសត្វ សូមមេត្តាជួយធ្វើការណែនាំដល់ប្រជាពលរដ្ឋឲ្យចេះសន្សំសំចៃទឹក សំរាប់ប្រើប្រាស់ទាំងមនុស្ស និងសត្វ ហើយត្រូវធ្វើការហាមឃាត់ដល់ប្រជាពលមិនត្រូវបន្ត ធ្វើស្រែប្រាំងលើកទី២ទៀតទេ ។ យើងទុកទឹកដែលនៅសល់នេះ សំរាប់ប្រើប្រាស់ខែប្រាំងនេះមិនត្រូវឲ្យបូមទឹក ស្រះ បឹងត្រពាំង ប្រឡាយចាប់យកត្រីដាច់ខាតព្រោះឆ្នាំមានអាកាសធាតុក្តៅពីព្រោះកាលពីវស្សាមានភ្លៀងធ្លាក់តិចតួច ជាហេតុធ្វើឲ្យទឹកដក់នៅក្នុងបឹង ស្រះ ត្រពាំង ប្រឡាយមានតិចតួចណាស់ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់គួតែប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ទឹកហើយប្រជាពលរដ្ឋទាំងអស់ត្រូវចេះសន្សំសំចៃទឹកផង។
លោក លី សារី បានបញ្ជាក់ទៀតថា ឆ្នាំមុនក្នុងក្រុងសិរីសោភ័ណ ស្ទើតែគ្មានទឹកនៅខែប្រាំងស្ទឹង រីងហួតអស់ដោយសារតែប្រជាពលរដ្ឋនាំគ្នា សំរុកធ្វើស្រែប្រាំងមានម៉ាស៊ីនបូមទឹក រាប់រយបូមទឹកចេញពីស្ទឹងសិរីសោភ័ណ ដាក់ស្រែប្រាំងរបស់ខ្លួនជាហេតុធ្វើឲ្យស្ទឹង រីងគ្មានទឹកលោកក៏បានលើកអំពីបញ្ហាការខ្វះទឹកប្រើប្រាស់ របស់ពលរដ្ឋនៅស្រុកមង្គលបូរី កាលពីឆ្នាំកន្លងទៅធ្វើឲ្យពលរដ្ឋឈ្លោះគ្នាពាសពេញតែស្រុក ទាល់តែមានការអន្តរាគមន៍ពី លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បង្ហូទឹកពីស្ទឹងបវេលខេត្តបាត់ដំបង មកទើបប្រជាពលរដ្ឋក្នុងស្រុកមង្គលបូរី បានទឹកប្រើប្រាស់រហូតដល់ខែវស្សាតែពេលស្ទឹងមង្គលបូរីត្រូវរីងស្ងួតអស់ហើយក៏មកបូមទឹកស្ទឹងសិរីសោភ័ណយើងយកទៅប្រើប្រាស់ទៀតនេះទើបតែពាក់កណ្តាលខែមករា ហើយយើងសល់ប៉ុន្មានខែទៀតទើបមានភ្លៀងធ្លាក់៕