(កំពង់ឆ្នាំង)៖ ចំការប័ររបស់ប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិរលាបគុយ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កំពុងតែទទួលផល រយៈពេលពីរឆ្នាំជាប់គ្នា ដែលបានបម្រើឱ្យសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋក្នុងស្រុកទាំងមូល ក្នុងការទទួលទានផ្លែប័រ ដែលមានឱជារសឆ្ងាញ់ពិសាពីធម្មជាតិពិតៗ និងជួយទ្រទ្រង់ដល់សុខភាពបានមួយផ្នែកផងដែរ។
ផ្លែប័រនេះផងដែរ បច្ចុប្បន្ននៅក្នុងទីផ្សារត្រូវបានជាទីពេញនិយម ពីបងប្អូនប្រជាពលរដ្ឋជាអ្នកទទួលទាន ដោយគេទិញយកផ្លែប័នេះទៅកិនក្រឡុកនិងម៉ាស៊ីនក្រឡុក លាយជាមួយផ្លែឈើផ្សេងៗ ឬក្រឡុកតែផ្លែប័រមួយមុខ ដោយផ្សំជាមួយទឹកដោះគោខាប់ និងទឹកដោះគោស្រស់ ទៅតាមចំណង់ចំណូលចិត្តរបស់អ្នកទទួលទាន។ ពេលខ្លះគេអាចយកវាទៅដាក់ក្នុងទូទឹកកក បន្ទាប់មកគេយកមកពុះជាពីរចាក់ទឹកដោះគោ ឬស្កសចូលយកស្លាបព្រាមកចូកញ៉ាំក៏បានព្រោះផ្លែប័រមាន ឱជារសឈ្ងុយឆ្ងាញ់ពិសាពីធម្មជាតិស្រាប់។
បងស្រី ហង្ស សេងហ៊ុន ជាម្ចាស់ចម្ការ បានរៀបរាប់ឲ្យដឹងថា ចំការប័ររបស់គាត់ដែលកំពុងទទួលផលខាងលើនេះមានចំនួនជាង ២០០ដើម និងមានពូជចំនួន ៤ប្រភេទ គឺបងស្រីបានទទួលផលពីរឆ្នាំជាប់គ្នាមកហើយ ដោយផ្លែលើកទីមួយ គាត់បេះក្នុងមួយលើកៗបានចំនួនជាង១០០គីឡូក្រាម គឺបេះវិលជុំជារៀងរាល់ថ្ងៃ លើកទី២ បេះក្នុងមួយសប្ដាហ៍ម្ដង។ ហើយផ្លែប័ររបស់គាត់ដែលកំពុងតែទទួលផលនេះ គឺចាប់ផ្ដើមបេះតាំងពីខែ៨ឆ្នាំ ២០១៩មកម្ល៉េះ មកដល់ពេលនេះគឺមានរយៈពេល១០ ខែមកហើយ គឺនៅតែមានផ្លែបេះរហូតជារៀងរាល់សប្តាហ៍។
បងស្រីបន្តថា នៅថ្ងៃខាងមុខនេះបងស្រីនឹងបន្តពង្រីកការដាំដើមប័រនេះ ជាបន្ថែមទៀតដោយសារតែបងស្រីបានចេះចាំនិងមានបទពិសោធន៍ក្នុងការដាំដើមប័រឱ្យមានប្រសិទ្ធភាព និងទទួលផលបានល្អ សំខាន់គឺការថែ ទាំ ក៏ដូចជាការប្រើជីសេរីរាង្គ គឺជីកំប៉ុស ដែលធ្វើឱ្យដើមរបស់វាមានសុខភាពល្អក៏ដូចជាឆាប់បានទទួលផលក្នុងរយៈពេល ៣ឆ្នាំតែប៉ុណ្ណោះ។
ជាក់ស្ដែងដំណាំប័ររបស់បងស្រីបច្ចុប្បន្ននេះ គឺក្នុងដើមនីមួយៗមានសុខភាពល្អមិនមានដង្កូវស៊ី ឬក៏សត្វល្អិតផ្សេងៗមកបំផ្លាញស្លឹកឬដើមរបស់វានោះឡើយ ពោលគឺមានការរីកធំធាត់រហ័ស បានទទួលផល រីឯផ្លែរបស់វាវិញសព្វថ្ងៃទម្ងន់ផ្លែ ក្នុងមួយគីឡូក្រាមស្មើនិង២ ផ្លែ ឬក៏៣ផ្លែ ទៅ៤ផ្លែតែប៉ុណ្ណោះ ហើយក្នុងមួយគីឡូក្រាមបងស្រីលក់បានក្នុងតម្លៃ១៣.០០០រៀល សព្វថ្ងៃនេះបង ស្រីមិនពិបាកដើរលក់ ឬក៏យកទៅបោះឱ្យម៉ូយនៅតាមទីផ្សារនោះទេ គឺមានអតិថិជនមកកុម៉្មង់ទិញតាមអនឡាញជារៀងរាល់ថ្ងៃផងដែរ ដោយសារតែផ្លែប័ររបស់បងស្រីទាំង៤ប្រភេទ នេះ គឺមានរសជាតិឆ្ងាញ់ខុសពីផ្លែប័រដ៍ទៃ ដែលមិនមានរសជាតិល្វីងនោះឡើយ គឺអាចបេះចេញពីដើមយកមកបកហូបបានភ្លាមផងដែរ។
សព្វថ្ងៃបងស្រីក៏មានបណ្ដុះកូនដើមប័រ សម្រាប់លក់ជូនអតិថិជនដែលត្រូវការជាវយកដើមប័រទៅដាំបន្ត ទៅតាមចំកាដែលមានទំហំផ្ទៃដី តូចឬធំ តាមសេចក្តីត្រូវការរបស់អតិថិជន ហើយអតិថិជន ដែលបានមកជាវកូនប័រពីបងស្រីនិងបានទទួលការបង្ហាត់ បង្រៀនបច្ចេកទេស នៃការដាំដុះ និងការថែរទាំ ក៏ដូចជាក្នុងការប្រើប្រាស់ជីសេរីរាង្គ រួមទាំងរង់ចាំទទួលប្រឹក្សាយោបល់ ជូនបងប្អូនរយៈពេល ៣ឆ្នាំ ដោយចាប់ផ្ដើមពីការដាំរហូត ដល់ពេលបានទទួលផលផងដែរ។ បើមានពលរដ្ឋណាចង់ជាវអាចទាក់ទងតាមលេខទូរសព្ទ ០៩២ ៦៧៣ ៥៥៧៕