(ឧត្តរមានជ័យ)៖ អ្នកទោសខ្មែរចំនួន៤នាក់ ត្រូវបានអាជ្ញាធរថៃ បញ្ជូនខ្លួនមកឱ្យអាជ្ញាធរខ្មែរវិញ តាមច្រកអន្តរជាតិជាំស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បន្ទាប់ពីបានជាប់ឃុំឃាំងក្នុងទឹកដីថៃ អស់រយៈពេលជាច្រើនឆ្នាំពីបទឆ្លងដែនខុសច្បាប់។
បើតាមរបាយការណ៍របស់សមត្ថកិច្ចច្រកទ្វារអន្តរជាតិជាំ បានបញ្ជាក់ឱ្យដឹងថា នៅវេលាម៉ោង១៤៖១០នាទី ថ្ងៃទី០២ ខែមិថុនាឆ្នាំ២០២០នេះ អាជ្ញាធរថៃ បានបញ្ជូប្រជាពលរដ្ឋខ្មែរ ចំនួន០៤នាក់ តាមច្រកអន្តរជាតិជាំ ដែលមានឈ្មោះដូចខាងក្រោម៖
*ទី១៖ ឈ្មោះ សូត្រ ប៊ិច ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិទួលពង្រ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី១៦ ខែ០១ ឆ្នាំ២០១៨
*ទី២៖ ឈ្មោះ ឆន ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទួលចារ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី០៧ ខែ០៥ ឆ្នាំ២០១៨
*ទី៣៖ ឈ្មោះ ម៉េត ធា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិទំនប់អភិវឌ្ឍន៍ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ចាប់ខ្លួនថ្ងៃទី២៦ ខែ០៨ ឆ្នាំ២០១៧
*ទី៤៖ ឈ្មោះ សាយ សិទ្ធ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចាប់ខ្លួនថ្ងៃទី២៦ ខែ០៨ ឆ្នាំ២០១៧។
សមត្ថកិច្ចបានបញ្ជាក់ទៀតថា អ្នកទាំង៤នេះ ត្រូវបានថៃចោទពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើក្រញូងតាមច្រកជប់រុន ស្តិតក្នុងភូមិសាស្រ្តឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ និងបានយកទៅឃុំឃាំងនៅស្រុកខាន់ថាឡាក់ ខេត្តស៊ីសាកេត ប្រទេសថៃ។
បន្ទាប់ពីបានវាស់កំដៅ និងសម្អាតខ្លួនប្រាណដោយទឹកអាល់កុល ដើម្បីការពារជំងឺកូវីដ១៩រួចមក សមត្ថកិច្ចបានធ្វើការអប់រំណែនាំឱ្យបញ្ឈប់សកម្មភាពឆ្លងដែនខុសច្បាប់តទៅទៀត និងឱ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញរៀងៗខ្លួន៕