(រតនគិរី)៖ ស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ចំនួន ១៩រូប។ នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី ជំរុញឱ្យមន្ត្រីដែទទួលភារកិច្ច និងតំណែងថ្មី ត្រូវបំពេញតួនាទីឱ្យបានល្អដើម្បីបម្រើប្រជាពលរដ្ឋ។
ពិធីនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ ក្រោមវត្តមានលោកឧត្តមសេនីយ៍ទោ យិន ចំណាន ដោយមានការចូលរួមពីសំណាក់លោក លោកស្រីស្នងការរង អនុប្រធានផែន នាយការិយាល័យ អធិការស្រុក ក្រុងទាំង៩ មេបញ្ជាការការពារព្រំដែន២០៣ និង៦២៣ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
នាយការិយាល័យបុគ្គលិក លោកវរសេនីយ៍ឯក ប៊ុត ហេង បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ និងសេចក្តីសម្រេចរបស់អគ្គស្នងការនគរបាលជាតិ គឺមន្ត្រីនគរបាលចំនួន១១រូប តែងតាំងមុខតំណែង និងមន្ត្រីនគរបាល៨រូប បំពាក់ឋានន្តរស័ក្តិ។ ក្រោយពីបញ្ចប់ការអានប្រកាស និងសេចក្តីសម្រេចលោកឧត្តមសេនីយ៍ស្នងការប្រគល់ត្រា និងបំពាក់ស័ក្តិជូនមន្ត្រី១៩រូប ដែលទើបទទួលតំណែងថ្មីនិងបំពាក់ស័ក្តិ។
បន្ទាប់ពីប្រគល់ត្រា និងបំពាក់ឋានន្តរស័ក្តិត្រូវបានបញ្ចប់លោកវរសេនីយ៍ទោ យឿង បាហាន ដែលទទួលតំណែងអធិការស្រុកតាវែងថ្មី បានឡើងប្តេជ្ញាចិត្ត ក្នុងនាមមន្ត្រី១៩រូប ការពារ និងស្មោះត្រង់ជានិច្ច ចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ និងការពារចំពោះរាជរដ្ឋាភិបាលស្របច្បាប់។
ក្នុងឱកាសនោះដែរ លោកឧត្តសេនីយ៍ទោ យិន ចំណាន បានណែនាំ និងក្រៀនរំឮកដល់មន្ត្រីដែលទើបទទួលបានភារកិច្ច និងតែងតាំងថ្មីទាំង១៩រូប ត្រូវសាមគ្គីផ្ទៃក្នុងល្អ, គោរពបទបញ្ជាថ្នាក់លើ, គោរពវិន័យកងកម្លាំង, បង្ហាញភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារ, ត្រូវគោរពច្បាប់ចរាចរណ៍ឱ្យបានជាប់ជាប្រចាំនៅពេលបើកបរ ដើម្បីបង្ហាញជាគំរូល្អដល់ប្រជាពលរដ្ឋ, ហាមដាច់ខាត និងចាកចេញឱ្យឆ្ងាយពីអ្វីដែលខុសច្បាប់ជាពិសេសបញ្ហាគ្រឿងញឿន។
បន្ថែមលើនេះទៀតលោកឧត្តមសេនីយ៍ស្នងការខេត្ត ស្នើឱ្យមន្ត្រីនគរបាលខេត្តទាំងអស់ ត្រូវចូលរួមថែសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយជេល ឬទឹកអាល់កុល ឱ្យបានញឹកញាប់ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩៕