(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងដែនចំនួន២ករណី ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៥នាក់ ក្នុងនោះមានជនជាតិចិនម្នាក់ និងរុស្សីម្នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនបានជិត៤គីឡូក្រាម នៅរាជធានីភ្នំពេញ។ នេះបើតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ។
របាយការណ៍ របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ សមត្ថកិច្ចយោធាការពារព្រំដែនវៀតណាមខេត្តឡុងអាង បានបង្ក្រាបករណីជួញដូរគ្រឿងញៀន និងអាវុធ នៅចំណុចទល់មុខ ច្រកអន្តរជាតិ ប៊ិញហៀប-ព្រៃវល្លិ៍ (ខេត្តស្វាយរៀង-ឡុងអាង)។ ជាលទ្ធផល៖ ឃាត់មនុស្ស១នាក់ ឈ្មោះ ត្រិន ទួនខាញ់ ភេទប្រុស ជនជាតិវៀតណាម។ សមត្ថកិច្ចបានដកហូត គ្រឿងញៀនប្រភេទ ទម្ងន់២០.៨គីឡូក្រាម និងអាវុធខ្លី៣ដើម។
បន្ទាប់ពីបានទទួលព័ត៌មានពីភាគីវៀតណាមរួចមក នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា នាយករងមន្ទីរសហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង និងកម្លាំងជំនាញ នៃនាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការសម្របសម្រួលរបស់លោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាជ្រាវស៊ើបអង្កេត បន្តនៅគោលដៅ ផ្ទះលេខ ៨០ ផ្លូវលេខ១០ បុរីប៉េងហួត ភូមិព្រែកលាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
*ឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់ ទី១៖ ឈ្មោះ ឯក សារិទ្ធ ភេទប្រុស កើតឆ្នាំ១៩៨៦ ជនជាតិខ្មែរ (អ្នកដឹកជញ្ជូនគ្រឿងញៀនទៅវៀតណាម), ២៖ ឈ្មោះ សួន គីមបូរ ភេទប្រុស កើតឆ្នាំ១៩៩៧ ជនជាតិខ្មែរ (អ្នកជួញដូរ) ចាប់យកសារធាតុញៀន សរុបទម្ងន់ ២,៤៦០.១៤ក្រាម រួមមាន ១៖ ហេរ៉ូអ៊ីន (Heroin) ទម្ងន់២,១៣៥.៥៧ក្រាម, ២៖ មេតំហ្វេតាមីន (ICE) ទម្ងន់ ៤.៦៨ក្រាម, ៣៖ អ៊ិចស្តាស៊ី (MDMA) ទម្ងន់១៥៦,៥២ក្រាម, ៤៖ កេតាមីន (Ketamine) ទម្ងន់ ១០.៩១ក្រាម, ៥៖ នីមេតាហ្ស៊េបាម ទម្ងន់២៧៥.១៨ក្រាម, ៦៖ សារធាតុគីមីផ្សំផ្សេងទៀត ទម្ងន់២៨៧,២២ក្រាម, ចាប់យកសម្ភាររថយន្ត២គ្រឿង ម៉ូតូ៣គ្រឿង, អាវុធខ្លី១ដើម និងអាវុធវែង១ដើម។
*ដោយឡែកមួយករណីទៀត កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ សហការជាមួយសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលរបស់លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាជ្រាវស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រឿងញៀនឆ្លងដែន ពីកម្ពុជាទៅតៃវ៉ាន់ នៅ៣គោលដៅផ្សេងៗពីគ្នា៖
ទី១៖ ស្ថិតនៅចំណុចក្នុងភូមិគង្គាផុស១ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ
ទី២៖ នៅចំណុចមុខសណ្ឋាគារ កាំបូឌីយ៉ាណា វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ
ទី៣៖ នៅបន្ទប់ជួល លេខ ១២២២ ជាន់ទី១២ នៃខូនដូ Diamond One ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
ឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់៖ ឈ្មោះ ហាន រីណា ភេទប្រុស កើតឆ្នាំ១៩៩០ ជនជាតិខ្មែរ, ឈ្មោះ EGOR SERGIENKO កើតថ្ងៃ ០២/០៩/១៩៨៥ ភេទប្រុស ជនជាតិរុស្សី កាន់លិខិតឆ្លងដែនលេខ 72 0802850 ចុះថ្ងៃទី២១/០៨/២០១២, ឈ្មោះ LU CHAO FENG ភេទប្រុស ជនជាតិចិន (តៃវ៉ាន់) កើតថ្ងៃទី ០៨/០៣/១៩៧៦ កាន់លិខិតឆ្លងដែនលេខ 307452780 ចុះថ្ងៃទី ២៨/០៥/២០១៣។
ចាប់យកសារធាតុញៀន សរុបទម្ងន់ ១,៣៥៧.៨៥ក្រាម រួមមាន ៖ ហេរ៉ូអ៊ីន(Heroin) ទម្ងន់ ១,២២៨.០៨ក្រាម មេតំហ្វេតាមីន (ICE) ទម្ងន់៥.៥០ក្រាម ចាប់យកសម្ភារ ទូរស័ព្ទដៃ៤គ្រឿង, រថយន្ត២គ្រឿង, ម៉ូតូ១គ្រឿង, ជញ្ជីងថ្លឹង២គ្រឿង និងសម្ភារវេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញ តាមនីតិវិធី៕