(ភ្នំពេញ)៖ រយៈពេល៤ខែដើមឆ្នាំ២០២០នេះ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានចំនួន២៣៣៣ករណី ដែលភាគច្រើនពាក់ព័ន្ធនឹងការទន្ទ្រានកាន់កាប់ដីព្រៃដោយខុសច្បាប់ បទល្មើសលួចកាប់ឈើ និងបទល្មើសធនធានធម្មជាតិផ្សេងទៀត។ នេះគឺជាការថ្លែងឱ្យដឹងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃ ក្រសួងបរិស្ថាន។
លោករដ្ឋលេខាធិការបានថ្លែងថា ក្នុងចំណោមបទល្មើសធនធានធម្មជាតិទាំងនេះ មាន១៧៩ករណី មានការពាក់ព័ន្ធនឹងមនុស្សជិត ២០០នាក់ ត្រូវចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី និងបានធ្វើការផាកពិន័យអន្តរកាលបានចំនួន ៤០៣ករណី និងធ្វើការ អប់រំនិងធ្វើកិច្ចសន្យាបញ្ឈប់ប្រព្រឹត្ត បទល្មើសបានចំនួន ៦១៣ករណីពាក់ព័ន្ធនឹងមនុស្សចំនួន៦២៤នាក់ អនុលោមតាមច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានថ្លែងឱ្យដឹងថា ចាប់ពីខែមករា ដល់ខែ មេសាឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថានទាំង ១២៦០ នាក់បានចុះបេសកកម្មដើរល្បាត ចំនួន ៧០៧៨ លើក នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះទាំង ៦០ កន្លែងដែល មានផ្ទៃដីសរុបប្រមាណ ៧.២លានហិកតា ហើយពេលខ្លះមានការចូលរួមដើរល្បាតពីសហគមន៍តំបន់ ការពារធម្មជាតិដែលបានទទួលស្គាល់ ដោយក្រសួងបរិស្ថាន និងបង្ក្រាបបទល្មើសធនធានធម្មជាតិបាន
ចំនួន ២,៣៣៣ ករណី។
តាមការគូសបញ្ជាក់របស់លោករដ្ឋលេខាធិការ នៅក្នុងការចុះទប់ស្កាត់ បទល្មើសធនធានធម្មជាតិ ៤ខែនេះ មន្ត្រី ឧទ្យានុរក្សរួមនឹងសហគមន៍តំបន់ការពារធម្មជាតិដែលបាន រឹបអូសរណាយន្តបានចំនួន ៩៧០ គ្រឿង រថយន្ត រថយន្តកែច្នៃ ត្រាក់ទ័របានចំនួន ៥៣ គ្រឿង រឹប អូសម៉ូតូដែលជាមធ្យោបាយ ប្រព្រឹត្តបទល្មើសបានចំនួន ១២៦គ្រឿង ចាប់ឃាត់គោយន្តចំនួន ២០៣គ្រឿង និងដោះអន្ទាក់ដែលជាឃាតក លាក់មុខសម្លាប់សត្វព្រៃបានចំនួន ៨៩៥០ អន្ទាក់ ព្រមទាំងបាន ដកហូតកាំភ្លើង កាំភ្លើងកែច្នៃ ស្នាតេះដែលប្រើប្រាស់សម្រាប់បរបាញ់សត្វបានចំនួន ២៣៩ ដើម។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងថា នេះគឺជាកិច្ចខិតខំប្រឹងប្រែង និងប្រកបដោយការទទួលខុសត្រូវ និងប្រកដោយវិជ្ជាជីវៈរបស់មន្ត្រីគ្រប់លំដាក់ថ្នាក់នៃក្រសួងបរិស្ថាន ជាពិសេសមន្ត្រីឧទ្យានុរក្ស ដែលបានលះបង់កម្លាំងកាយចិត្ត បញ្ញាដើម្បីបុព្វហេតុបរិស្ថាននិងធនធាន ធម្មជាតិ និងដើម្បីភាពគង់វង្សនៃសម្បត្តិធនធានធម្មជាតិ សម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត។
លោកក៏បានថ្លែងអំណរគុណផងដែរ ចំពោះការចូលរួមសហការប្រកប ដោយប្រសិទ្ធភាពពីសំណាក់ អាជ្ញាធរ និងប្រជាសហគមន៍តំបន់ការពារធម្មជាតិ នៅក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្ម ជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ ជាមួយគ្នានេះ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក៏បានជំរុញបន្ថែមឱ្យ ប្រជាពលរដ្ឋចូលរួមឱ្យកាន់តែសកម្មភាព និងប្រកបដោយភាពជាដៃគូ ស្មោះត្រង់បន្ថែមទៀត នៅក្នុងការងារគ្រប់គ្រងនិងអភិរក្សធនធានធម្មជាតិ។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ក៏បានលើកឡើងថាទោះបីជាមាន ការរឹតបន្តឹងការអនុវត្តច្បាប់ បង្កើនសកម្មភាពអប់រំ ស្តីពីច្បាប់តំបន់ការពារធម្មជាតិពីសំណាក់មន្ត្រីអនុ វត្តច្បាប់ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយតូច ដូចជាការលបលួចកាប់ឈើ ការបរបាញ់និងការ ដាក់អន្ទាក់សត្វព្រៃនៅតែបន្ដកើតមាននៅក្នុងតំបន់ការពារធម្មជាតិដែលចាំបាច់ភាគីពាក់ព័ន្ធនានាត្រូវចាត់វិធានជាចាំបាច់ ទប់ស្កាត់និងបង្ក្រាបបទល្មើសទាំងនេះបន្តថែមទៀត។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា កម្លាំងមានសមត្ថកិច្ចនៃរាជរដ្ឋាភិបាលកម្ពុជា មានការតាំងចិត្តខ្ពស់ក្នុងការទប់ស្កាត់ និងបង្ក្រាបយ៉ាងហ្មឺងម៉ាត់ប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ដែលកើតឡើងស្របតាមច្បាប់នានា និងមិនលើកលែងឡើយ៕