(ភ្នំពេញ)៖ នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០នេះ លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ រួមនឹងតំណាងអគ្គនាយកដ្ឋានផែនការ តំណាងវិទ្យាស្ថានជាតិស្ថិតិ បានពាំនាំថវិកាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃក្រសួងផែនការ តាមរយៈការបរិច្ចាគបៀវត្ស និងថវិកា សរុបចំនួន ១,០៥៦នាក់ ស្មើនឹងទឹកប្រាក់ចំនួន ៣៨៦,៨៨៥,៣៥០រៀល ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ នាទីស្តីការក្រសួងសុខាភិបាល។
លោក ស្រី ដា បានឲ្យដឹងថា ក្នុងនោះជាថវិការបស់មន្ត្រីរាជការចំនួន១១៨នាក់ មានចំនួន ១១,៧០០,០០០រៀល។
ក្នុងឱកាសនោះ តំណាងក្រសួងសុខាភិបាល បានសម្តែងការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពាះក្រសួងផែនការ ដែលបានជួយឧបត្ថម្ភគាំទ្រថវិកា ប្រើប្រាស់សម្រាប់ទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ១៩។ នេះបានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ សម្រាប់ការចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងកាលៈទេសៈបច្ចុប្បន្ន ដែលយើងបាននឹងកំពុងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីជំរុញវិធានការការពារ ទប់ស្កាត់ និងឆ្លើយតបការរាតត្បាតជំងឺកូវីដ១៩ ឲ្យបានកាន់តែឆាប់រហ័ស៕