(ភ្នំពេញ)៖ ប្រជាពលរដ្ឋចំនួន៣៥គ្រួសារ ដែលមានវិវាទដីធ្លីជាមួយលោកស្រី នួន ច័ន្ទមករា បានទទួលយុត្តិធម៌ជាទីពេញចិត្ត បន្ទាប់ពីមានការសម្របសម្រួលផ្សះផ្សារដោយលោក ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណះរដ្ឋមន្រ្តី និងជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាព។
សូមបញ្ជាក់ផងដែរថា ប្រជាជនចំនួន៣៥គ្រួសារនេះ បានទិញដីទំហំ៧៧៩.២៨ ហិកតា ពីលោកស្រី នួន ច័ន្ទមករា កាលពីឆ្នាំ២០១៦ លុះដល់ខែឧសភា ឆ្នាំ២០២០ ទើបពួកខ្លួនបានដឹងថា លោកស្រី នួន ច័ន្ទមករា មានដីស្របច្បាប់ត្រឹមតែទំហំ ៥.០០៧.៧៥៥ ម៉ែត្រការ៉េ តែប៉ុណ្ណោះ ដែលដីនេះជាចំណែក៥០% ទទួលបានពីអតីតមិត្តប្រុសជនជាតិអាល្លឺម៉ង់ឈ្មោះ Rainer Maria Wollny ។ ដោយខ្លាចបាត់បង់ដីរបស់ខ្លួន ប្រជាពលរដ្ឋ៣៥គ្រួសារនោះ បានគោរពស្នើសុំសម្តេចតេជោនាយករដ្ឋមន្រ្តី ដើម្បីរកយុត្តិធម៌អោយខ្លួនតាមគោលការណ៏ឈ្នះឈ្នះ ដែលធ្លាប់ទទួលបានជោគជ័យកន្លងមក។
ដោយទទួលបានការអនុញ្ញាតិដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ នាយករដ្ឋមន្រ្តី ឯកឧត្តម ដួង តារា បានធ្វើការសម្របសម្រួលផ្សះផ្សាររវាងតំណាងប្រជាពលរដ្ឋ និងលោកស្រី នួន ច័ន្ទមករា រហូតឈានដល់ការព្រៀមព្រៀងគ្នា បញ្ចប់វិវាទទាំងស្រុង ដោយប្រជាពលរដ្ឋទាំង៣៥គ្រួសារ យល់ព្រមទទួលយកទំហំដីជាក់ស្តែងគឺ ៥០០៧៧៥៥ ម៉ែត្រការ៉េ ពីលោកស្រី នួន ច័ន្ទមករា ដោយពុំទាមទារលើសពីនេះឡើយ។
លទ្ធផលវិជ្ជមានដ៏ល្អប្រសើរ ដែលទទួលបានពីដំណោះស្រាយតាមគោរការណ៍ឈ្នះឈ្នះ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនេះ បានធ្វើអោយប្រជាពលរដ្ឋទាំង៣៥ក្រួសារ មានសេចក្តីត្រេកអរ និងពេញចិត្តយ៉ាងខ្លាំង ហើយបានគោរពថ្លែងអំណរគុណសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលតែងតែយកចិត្តទុកដាក់គិតគូរ ដល់សុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបានផ្តល់យុត្តិធម៌ ជាទីគាប់ចិត្តដល់ពួកគាត់នៅថ្ងៃនេះ៕