(បន្ទាយមានជ័យ)៖ លោកស្រី សេង វណ្ណសាយ រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥នេះ បានដឹកនាំក្រុមការងារ បច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ ចុះពិនិត្យការងារបង្កបង្កើនផល និងការងារអន្តរាគមន៍ សង្គ្រោះដំណាំស្រូវរបស់បងប្អូន ប្រជាកសិករ នៅក្នុងខេត្តបន្ទាយមានជ័យ។
លោកស្រីរដ្ឋេលខាធិការ បានថ្លែងឱ្យដឹង នៅក្នុងពេលចុះពិនិត្យការងារថា ដំណាំស្រូវរដូវវស្សា នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវបានប្រជាកសិករប្រមូលផលរួចរាល់ ជាស្ថាពរហើយ ដោយសម្រេចបាន១០០ ភាគរយ នៃផ្ទៃដីផលិតបានចំនួន ២៤៦.០២១ហិកតា។
លោកស្រីបន្តថា នាពេលកន្លងមក ដោយសារស្ថានភាពអាកាសធាតុ មិនអំណោយផល បានធ្វើឱ្យផ្ទៃដីដំណាំស្រូវវស្សា ប្រមាណ៤៥.០០០ហិកតា នៅក្នុងខេត្តមួយនេះ ទទួលរងនូវផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត។ ប៉ុន្តែផ្ទៃដីប៉ះពាល់ទាំងនេះ ត្រូវបានសង្គ្រោះទាំងស្រុង តាមរយៈការបង្វែរទឹកមកជួយពី ខេត្តឧត្តរមានជ័យ និងខេត្តបាត់ដំបង ការប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាត មធ្យមជាច្រើនគ្រឿង រួមជាមួយនឹងរបបទឹកភ្លៀងធ្លាក់ ជាបន្តបន្តាប់នៅចុងរដូវវស្សា។
លោកស្រីរដ្ឋលេខាធិការ បានបន្តទៀតថា ចំណែកការងារបង្កបង្កើន ផលដំណាំស្រូវរដូវប្រាំងវិញ មកដល់ពេលនេះ ប្រជាកសិករ ដាំដុះបានចំនួន ២៣.៦១០ហិកតា ស្មើនឹងប្រមាណ១៩៦ភាគរយ នៃផែនការដែលបានដាក់ចុះ។ ទន្ទឹមនឹងការដាំដុះបានលើសផែនការកំណត់ រហូតទៅដល់ជាង ១០.០០០ហិកតានេះ តំបន់មួយចំនួនក៏បាន និងកំពុងប្រឈមនឹងកង្វះខាតទឹក ទាំងទឹកសម្រាប់ផ្គត់ផ្គង់ស្រូវប្រាំង និងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ពិសេសក្នុងភូមិសាស្ត្រស្រុកមង្គលបូរី ដែលទាមទារឱ្យយើងបន្តបង្វែរទឹក ពីស្រុកបវេល ក្នុងខេត្តបាត់ដំបង និងពីស្ទឹងសិរីសោភ័ណ មកផ្គត់ផ្គង់បន្ថែម។
តាមរយៈការបង្វែរទឹកពីប្រភពផ្សេងៗ និងការប្រើប្រាស់ម៉ាស៊ីនបូមទឹក ចល័តខ្នាតមធ្យមជាច្រើនគ្រឿង ដើម្បីអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវ មកដល់ពេលនេះ គឺយើងអាចធានាបាននូវការងារបង្កបង្កើនផលដំណាំស្រូវរដូវប្រាំង របស់បងប្អូនប្រជាកសិករ រហូតដល់ចប់ចុងចប់ដើម និងទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ បានមួយកម្រិតធំ៕