(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុញ្ញាតឱ្យម្ចាស់រោងចក្រ សហគ្រាសពន្យារពេលក្នុងការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ សម្រាប់ផ្នែកវាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុង២០២០ សម្រាប់គ្រប់វិស័យទាំងអស់។
ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងការងារនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការបើកប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារ និងប្រាក់បំណាច់អតីតភាពការងារនេះ ត្រូវលើកទៅអនុវត្តនៅឆ្នាំ២០២១ជំនួសវិញ។
ក្នុងសេចក្តីជូនដំណឹងបានគូសបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ និងការលំបាកដែលបង្កឡើងដោយជំងឺកូវីដ១៩។
បើទោះបីជាយ៉ាងណា ក្នុងកំលុងពេលពន្យារនេះ ក្រសួងក៏បានណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាសត្រូវទូទាត់ប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានមុនឆ្នាំ២០១៩ និងប្រាក់បំណាច់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០ ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន នៅពេលបញ្ចប់កិច្ចសន្យាការងាររបស់កម្មករនិយោជិត លើកលែងតែការបញ្ចប់កិច្ចសន្យាដោយកំហុសធ្ងន់របស់កម្មករនិយោជិត ឬកម្មករនិយោជិត លាឈប់ពីការងារដោយឯកឯងប៉ុណ្ណោះ៕