(ភ្នំពេញ)៖ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន និងសាធារណជន ស្របតាមយុទ្ធសាស្រ្តឌីជីថល ព្រមទាំងពង្រីកនូវវិសាលភាព ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា លើសេវាហិរញ្ញវត្ថុ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត ធនាគារ អេស៊ីលីដា ភីអិលស៊ី បានអភិវឌ្ឍមុខងារសេវាកម្ម ធនាគារយ៉ាងពេញលេញ ក្នុងអេស៊ីលីដាយូនីធី ទាន់ចិត្ត ដែលផ្តល់លទ្ធភាពជូនអតិថិជន និងសាធារណជន ធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ប្រភេទ ជំនួសឲ្យការធ្វើប្រតិបត្តិការ នៅតាមបញ្ជរការិយាល័យ។
អេស៊ីលីដាយូនីធីទាន់ចិត្ត គឺជាប្រព័ន្ធឌីជីថល (បច្ចេកវិជ្ជាព័ត៌មានហិរញ្ញវត្ថុ) មួយប្រភេទដែលអនុញ្ញាតឲ្យអតិថិជន និងសាធារណជនទូទៅ ដែលធ្លាប់ ឬមិនធ្លាប់ប្រើ សេវាធនាគារពីមុនមក អាចធ្វើប្រតិបត្តិការសេវាធនាគារដោយខ្លួនឯង តាមរយៈទូរស័ព្ទចល័ត ដែលដំណើរការដោយប្រព័ន្ធ Android និង iOS ដែលមានលក្ខណៈងាយស្រួល និងសុវត្ថិភាពខ្ពស់បំផុត។
បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ជាក់ថា «អស់រយៈពេលជាង៣ឆ្នាំមកហើយ ដែលអេស៊ីលីដាយូនីធីទាន់ចិត្ត បានដាក់ឲ្យប្រើប្រាស់ និងបន្តអភិវឌ្ឍឥតឈប់ឈរ ដោយបន្ថែមមុខងារសេវាកម្មធនាគារ ប្រកបដោយសុវត្ថិភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការប្រើប្រាស់សេវា ធនាគារជូនអតិថិជន និងសាធារណជន យ៉ាងសំបូរបែបស្របតាមយុគសម័យឌីជីថល»។
បណ្ឌិត អ៊ិន ចាន់នី បានបន្ថែមទៀតថា ការអភិវឌ្ឍមុខងារ បន្ថែមនេះ ក្នុងគោលបំណងធ្វើឲ្យអេស៊ីលីដា យូនីធីទាន់ចិត្ត ក្លាយជាធនាគារពិត ស្ថិតនៅក្នុងដៃរបស់អតិថិជន និងសាធារណជន។ រហូតមកដល់បច្ចុប្បន្ននេះ មានអតិថិជនប្រមាណ១.៥លាននាក់ ដែលកំពុងប្រើប្រាស់កម្មវិធីសេវាធនាគារតាមទូរស័ព្ទ ដ៏វៃឆ្លាតជាងគេមួយនេះ។
ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បន្ដថា ក្នុងបរិយាកាសនេះ អតិថិជន មានអេស៊ីលីដាយូនីធីទាន់ចិត្ត អាចធ្វើប្រតិបត្តិការគ្រប់ទីកន្លែង និងគ្រប់ពេលវេលា លោកអ្នកសឹង តែមិនចាំបាច់មកធ្វើប្រតិបត្តិការ នៅតាមបញ្ជរការិយាល័យ របស់ធនាគារ ពីព្រោះ អេស៊ីលីដាយូនីធី ទាន់ចិត្ត មានមុខងារដូចការបម្រើ និងធ្វើប្រតិបត្តិការផ្ទាល់នៅក្នុងធនាគារ៕