(ភ្នំពេញ)៖ សាកលវិទ្យាល័យបាត់ដំបង បានរៀបចំសិក្ខាសាលាលើកទីមួយ ក្នុងការបង្កើតផែនការយុទ្ធសាស្រ្តរយៈពេល ១០ឆ្នាំ (២០២០-២០៣០) ក្រោមហិរញ្ញប្បទានធនាគារពិភពលោក ដែលបានប្រពឹត្តទៅចាប់ពីថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានឧត្តមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា។
សិក្ខាកាមចំនួន៤០នាក់ ជាគណៈគ្រប់គ្រង ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យបាត់ដំបង និងមន្រ្តីនៃអគ្គនាយកដ្ឋានឧត្តមសិក្សា បានចូលរួមក្នុងអង្គសិក្ខាសាលានេះ។ លោក បេន ស៊ីម៉េត ជាអ្នកឯកទេសអប់រំជាន់ខ្ពស់ នៃធនាគារពិភពលោក ជាវាគ្មិនកិត្តិយស។
សិក្ខាសាលានេះ មានគោលបំណង រៀបចំពង្រាងផែនការយុទ្ធសាស្រ្ត របស់សាកលវិទ្យាល័យបាត់ដំបង ដើម្បីឆ្លើយតបទៅនឹងគោលបំណង របស់សាកលវិទ្យាល័យបាត់ដំបង និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែប្រែសាកលវិទ្យាល័យបាត់ដំបង ទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាល (Public Administrative Institution) ដោយផ្អែកលើចំណុចសំខាន់ៗ ចំនួន៤ដូចជា៖
១៖ ការកំណត់ចក្ខុវិស័យ (Envision) ដើម្បីកំណត់កិច្ចការត្រូវធ្វើ និងសម្រេចគោលនយោបាយ
២៖ ការផ្តល់លទ្ធភាពអនុវត្ត (Enable) ដើម្បីកំណត់ព្រំដែនអំណាច និងអនុវត្តកិច្ចការត្រូវធ្វើ
៣៖ ការផ្តល់អំណាច (Empower) ដើម្បីធានាផលសម្រេច ដើម្បីកសាងគណនេយ្យភាព
៤៖ ការរក្សាឋាមពលការងារ (Energise) ដើម្បីរក្សាគុណតម្លៃ និងធានានិរន្តភាព
សាកលវិទ្យាល័យបាត់ដំបង បានសម្រេចលើពង្រាងបេសកកម្មសំខាន់ៗចំនួន២៖
* ទីមួយ៖ គឺផលិតនិស្សិតមានសមត្ថភាពទាំងថ្នាក់ជាតិ និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងទីផ្សារការងារ។
* ទីពីរ៖ គឺផលិតលទ្ធផលស្រាវជ្រាវ ដើម្បីបម្រើផលិតភាពនិងកំណើនសេដ្ឋកិច្ច។
ដើម្បីសម្រេចបាននូវបេសកកម្មទាំងពីរនេះ សាកលវិទ្យាល័យបាត់ដំបង មានយុទ្ធសាស្រ្តសំខាន់ៗចំនួន៤ដូចជា៖
ទីមួយ៖ ការធ្វើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ជាមួយក្រុមហ៊ុនក្នុងនិងក្រៅស្រុក និងសាកលវិទ្យាល័យលើគម្រោងស្រាវជ្រាវវិនិយោគ។
ទីពីរ៖ ការធ្វើកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូ ជាមួយសាកលវិទ្យល័យអន្តរជាតិ លើកម្មវិធីថ្នាក់ជាតិមានស្តង់ដា និងអន្តរជាតិមានការទទួលស្គាល់ គុណភាពអប់រំកម្រិតអន្តរជាតិ រួមជាមួយការស្វែងរកការងារឲ្យនិស្សិត។
ទីបី៖ ការរៀបចំវេទិកាប្រចាំឆ្នាំផ្សព្វផ្សាយ ពីលទ្ធផលការសិក្សា ការស្រាវជ្រាវ និងផែនការកម្មវិធីវិនិយោគ ជាមួយនិស្សិត មាតាបិតា វិស័យឯកជន និងដៃគូអភិវឌ្ឍ។ ទីបួន៖ ការធ្វើទំនើបកម្មស្ថាប័នក្នុងការផលិត ចងក្រង និងប្រើប្រាស់ទិន្នន័យពីលទ្ធផល និងផលសម្រេច ដើម្បីស្វែងរកការគាំទ្រពីគ្រប់ក្រសួងពាក់ព័ន្ធ។
សិក្ខាកាមបានផ្តល់ធាតុចូល នៃគុណតម្លៃដែលសាកលវិទ្យាល័យបាត់ដំបង កំណត់យកជាអាទិភាពចំនួន ៥រួមមាន៖
១៖ ធ្វើអ្វីដែលផ្តល់អត្ថប្រយោជន៍ដល់សង្គមជាតិ និងមនុស្សទូទៅ និងកសាងភាពជាម្ចាស់លើការងារ។
២៖ ធ្វើតែអ្វីដែលល្អ និងមានប្រយោជន៍ ធ្វើជាមនុស្សគំរូ សុច្ចរិតភាព មានហេតុមានផល ផ្តោតលើគោលបំណង។
៣៖ មានការទទួលខុសត្រូវគោរពវិន័យ និងពេលវេលា សាមគ្គីភាព សីលធម៌ សុវជីវធម៌ យោគយល់និងអត់ឱ នឲ្យគ្នា យុត្តិធម៌ គោរពច្បាប់ មិនចាប់កំហុស ធ្វើការជាក្រុម រក្សាភាពវិជ្ជមានក្នុងទំនាក់ទំនង។
៤៖ ថែរក្សាមន្រ្តី មន្រ្តីមានឱកាសស្មើគ្នា គិតប្រយោជន៍រួមនិងស្ថាប័ន កសាងនិងរក្សាតម្លាភាព ភាពស្មោះត្រង់ និងកសាងការទុកចិត្ត តាមការគោរពវិជ្ជាជីវៈ។ ៥៖ កសាងគណនេយ្យភាព កេរ្តិឈ្មោះសាកលវិទ្យាល័យ រក្សាបរិយាប័ន និងបណ្តុះគំនិតថ្មីៗ ដើម្បីរក្សាវប្បធម៌ស្ថាប័ន។
សូមបញ្ជាក់ថា សាកលវិទ្យាល័យបាត់ដំបង នឹងរៀបចំសិក្ខាសាលាលើកទីពីរ នៅក្នុងអំឡុងខែកក្ដដា ឆ្នាំ២០២០ នឹងគ្រោងដាក់ឲ្យក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបាត់ដំបង អនុម័តជាផ្លូវការក្នុងខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ៕