(កំពង់ធំ)៖ កម្លាំងនគរបាលប៉ុស្តិ៍ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ បានចាប់ខ្លួនក្រុមក្មេងទំនើង ចំនួន៥នាក់ ក្រោយពីការអុកឡុកកម្មវិធីរាំធុងបាស់ រៀបការកូនអ្នកភូមិ ស្ថិតនៅភូមិពពាយ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ក្រុមទំនើងទាំង៥នាក់រួមមាន ទីឈ្មោះ ហាត ហ៊ង អាយុ២៦ឆ្នាំ ទី២ឈ្មោះ កឹម គន អាយុ៣៥ឆ្នាំ ទីឈ្មោះ គា កី អាយុ២៦ឆ្នាំ ទី៤ឈ្មោះ យ៉ង់ យិន អាយុ២៥ឆ្នាំ និងទី៥ឈ្មោះ ឌត ដា អាយុ២២ឆ្នាំ។ សម្រាប់ក្រុមក្មេងទំនើង ទាំង៥នាក់ ត្រូវបានសមត្ថកិច្ច អប់រំ និងកិច្វសន្យាឱ្យបញ្ឈប់ធ្វើ សកម្មភាពអានាធិបតេយ្យបន្តទៀត ពិសេសការបង្កឱ្យមានការរំខានដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។ ក្នុងនោះ សមត្ថកិច្ចក៏បានឲ្យឪពុកម្តាយ និងប្រពន្ធមកធានាយកឈ្មោះទាំងអស់ខាងលើ យកទៅណែនាំអប់រំបន្តនៅផ្ទះបន្តទៀត៕