(កំពង់ធំ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសហការជាមួយក្រុមហ៊ុន CMVIC នាំយកម៉ាស៉ីនត្រួតពិនិត្យ លក្ខណៈបច្ចេកទេស យានយន្តចល័តទៅដល់ខេត្តកំពង់ធំហើយ ដើម្បីត្រួតពិនិត្យ (ឆៀក) រថយន្តទៅតាមកាលបរិច្ឆេទដែលមាន ៣លើក៖ គឺលើកទី១ ចាប់ពីថ្ងៃទី០១-០៥, លើកទី២ ចាប់ពីថ្ងៃទី០៨-១២, និងលើកទី៣ ចាប់ពីថ្ងៃទី២២-២៦ ខែមិថុនា ឆ្នាំ២០២០។
ទីតាំងសម្រាប់ការឆៀករថយន្ត ធ្វើឡើងនៅពហុកីឡាដ្ឋានខេត្តកំពង់ធំ នៅតាមផ្លូវជាតិលេខ៦ ស្ថិតនៅភូមិរូង ឃុំត្រពាំងប្ញស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានថ្លែងថា ចំពោះម្ចាស់យានយន្តចាស់ត្រូវយកមកជាប់ជាមួយនូវវិញ្ញាបនប័ត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តចាស់ និងចម្លងប័ណ្ណសំគាល់យានយន្ត (កាតគ្រី) មួយសន្លឹក និងចំពោះយានយន្តថ្មី ត្រូវចម្លងសន្លឹកពន្ធនាំចូលមួយសន្លឹក និងចម្លងអត្តសញ្ញាណប័ណ្ណចំនួនមួយសន្លឹក។
ការត្រួតពិនិត្យយានយន្តនេះ គឺជាការសម្រួលដល់ប្រជាពលរដ្ឋ លើការត្រួតពិនិត្យដែលកាលពីមុន ម្ចាស់យានយន្តត្រួវទៅធ្វើការត្រួតពិនិត្យនៅឯខេត្តសៀមរាប ខេត្តកំពង់ចាម ឬរាជធានីភ្នំពេញ។ ពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រើប្រាស់ម៉ាស៉ីនចល័តធ្វើការត្រួតពិនិត្យ ដើម្បីកាត់បន្ថយការចំណាយជូនប្រជាពលរដ្ឋ។
លោកប្រធាន បានអំពាវនាវដល់ប្រជាពលរដ្ឋ សុំឲ្យមានការយោគយល់ចំពោះការខ្វះខាត និងចំណុចអវិជ្ជមាននៅពេលដែលធ្វើការត្រួតពិនិត្យ ជាពិសេសសូមឱ្យរៀបចំឱ្យមានរបៀបរៀបរយ ព្រោះថារថយន្តច្រើនធ្វើឱ្យមានការកកស្ទះ។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្នុងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកលេខ៣៩ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន មានការយល់ដឹង ជាពិសេសបានយករថយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងបានចូលរួមគោរពច្បាប់ចរាចរណ៍៕