(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានបង្ហាញនូវអ្វីដែលជាសមិទ្ធផលរបស់ខ្លួន ដែលអនុវត្តបាននាពេលកន្លងមក ក៏ដូចជាទិសដៅសម្រាប់អនុវត្តបន្ដនាពេលខាងមុខ តាមរយៈសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០។
សន្និសីទសារព័ត៌មាននេះ ដឹកនាំ និងសម្របសម្រួលដោយលោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ខណៈប្រតិភូរបស់រដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយលោក លី សំរិទ្ធ អភិបាលរងខេត្ត និងមានការចូលរួមពីប្រធានមន្ទីរ អនុប្រធានមន្ទីរ ព្រមទាំងមន្ដ្រីពាក់ព័ន្ធផ្សេងទៀតផងដែរ។
សមិទ្ធផលដែលបានបង្ហាញដោយ លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប រួមមាន៖
*វិស័យកសិកម្ម៖ ខេត្ដសៀមរាបមានសក្ដានុពលសេដ្ឋកិច្ចលើវិស័យកសិកម្ម និងទេសចរណ៍ ហើយផ្ទៃដីកសិកម្មក្នុងខេត្តមានចំនួន ២៣៦,៩០០ហិចតា ដែលបង្កបង្កើនផលស្រូវរដូវវស្សាបានចំនួន ១៨៦,៥២៥ហិចតា ស្មើនឹង៩៩.៩៨% នៃផែនការ ១៨៦,៥៦០ហិចតា ដោយទទួលបានទិន្នផលជាមធ្យម ២,៨៩៣តោ ក្នុងមួយហិចតា បានបរិមាណផលសរុបចំនួន ៥២៨,៣៨៨តោន ដែលតុល្យភាពស្បៀងជាស្រូវ សម្រាប់ការនាំចេញមានចំនួន ២៣៩,០៤៥តោន។
ដំណាំរួមផ្សំ និងឧស្សាហកម្ម ដាំបាន ៣១,០២០ហិចតា ស្មើនឹង ១៩៧.៣៣% នៃផែនការ ២៨,៨០០ហិចតា។ ក្រុមហ៊ុនវិនិយោគ ដីសម្បទានសេដ្ឋកិច្ចមានចំនួន ៩ក្រុមហ៊ុន ហើយបានអនុវត្តលើការងារដាំដុះដំណាំកៅស៊ូលើផ្ទៃដី ៧,៤៩៩ហិកតា ក្នុងនោះបានចៀរជ័រចំនួន ១,០៦៦ហិចតា និងកៅស៊ូដាំ ជាលក្ខណៈគ្រួសារបានចំនួន ១,០៣៩ហិចតា និងបានចៀជ័រ៥៧ហិចតា។
*វិស័យទេសចរណ៍៖ ភ្ញៀវទេសចរឆ្នាំ២០១៩ សរុបមាន៤,២៦២,៣០៦នាក់ ថយចុះ ២៧.០២% បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានចំនួនសរុប ៥,៨៤០,៥៦២នាក់។ ដោយឡែក ក្នុងរយៈពេល៤ខែ ឆ្នាំ២០២០នេះ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ៥៤៩,៩១៧នាក់ ថយចុះ៧២% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៩។
*ការងារផ្តល់សេវាតាមច្រកចេញចូលតែមួយ៖ រដ្ឋបាលខេត្តបានទទួលសំណើសុំសេវាសរុប ចំនួន១៦,១៦២សេវា ដែលមានទឹកប្រាក់ចំណូល-សេវាប្រមាណ ៥,៤៤៦លានរៀល លើវិស័យចំនួន១៣ ដែលផ្តល់ដោយច្រកចេញចូលតែមួយ។ រដ្ឋបាលក្រុង ស្រុក ដែលមានការិយាល័យច្រកចេញចូលតែមួយ មានចំនួន៥ រួមមាន ក្រុងសៀមរាប ស្រុកពួក ស្រុកជីក្រែង ស្រុកសូទ្រនិគម និងស្រុកក្រឡាញ់ បានទទួលសេវាសរុបចំនួន ១០៤,១៣៧សេវា ដែលមានទឹកប្រាក់ប្រមាណ ១,១១១លានរៀល។
ខេត្តបានគ្រោងដំណើរការការិយាល័យច្រកចេញចូលតែមួយថ្មី ២បន្ថែមទៀត នៅខែមិថុនានេះ គឺស្រុកប្រាសាទបាគង និងស្រុកបន្ទាយស្រី បន្ថែមលើក្រុង ស្រុក ដែលមានស្រាប់ចំនួន៥។ ចំពោះស្រុកដែលមិនទាន់បានបង្កើត ការិយាល័យច្រកចេញចូលតែមួយ រួមមានស្រុកអង្គរធំ ស្រុកស្រីស្នំ ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកស្វាយលើ នឹងត្រូវដំណើរការតាមយន្តការច្រកចេញតែមួយ ហើយរដ្ឋបាលខេត្ត ក៏បានលើកគម្រោងសាងសង់អគារឲ្យបានរួចរាល់ទាំងអស់នៅឆ្នាំ២០២០។
*ការងារហេដ្ឋារចនាសម្ព័ន្ធ៖ រដ្ឋបាលខេត្តបានប្រើប្រាស់ថវិកា សម្រាប់ការសាងសង់ និងជួសជុលផ្លូវថ្នល់ក្នុងខេត្ត សរុបចំនួន២៧ខ្សែ ដែលមានប្រវែងសរុបចំនួន ១៦,៤៥០គីឡូម៉ែត្រ និងបានដាក់លូ និងលូប្រអប់តាមបណ្តោយផ្លូវ។ បន្ថែមលើនេះ ថវិកាខេត្តត្រូវបានប្រើប្រាស់លើគម្រោងជួសជុលផ្លូវក្រឡុក (ប៉ះសំបុកមាន់) នៅលើកំណាត់ផ្លូវរងការខូចខាតនានាក្នុងក្រុងបានទំហំ ៧,២៨៤,២ម៉ែត្រការ៉េ និងបានគូសគំនូសសញ្ញាចរាចរណ៍ ៤,០៥៨ម៉ែត្រការ៉េ។
ដោយឡែកមូលនិធិ ក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវបានសាងសង់ និងជួសជុលផ្លូវប្រវែង ២៨៣,៤៨៧គីឡូម៉ែត្រ ក្នុងនោះផ្លូវគ្រួសក្រហមប្រវែង ២៥៤,១៣៣គីឡូម៉ែត្រ ផ្លូវបេតុងប្រវែង ១៦,០៥៥គីឡូម៉ែត្រ និងផ្លូវដីសប្រវែង ១៣,២៩៩គីឡូម៉ែត្រ។
ចំពោះថវិកាជាតិតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានសាងសង់ (ថែទាំខួប) ចំនួន៤ខ្សែ ប្រវែង៦,៩២គីឡូម៉ែត្រ ក្នុងនោះផ្លូវDBST ៦,១គីឡូម៉ែត្រ ផ្លូវបេតុង០,៨២គីឡូម៉ែត្រ និងបានដាក់លូ តាមបណ្តោយផ្លូវប្រវែង ៤,៨៨គីឡូម៉ែត្រ លូកាត់ផ្លូវ១២កន្លែង និងបានថែទាំប្រចាំផ្លូវជាតិ ផ្លូវខេត្តក្រាលកៅស៊ូ ចំនួន១៩ខ្សែ ប្រវែង៤១២,៨៤គីឡូម៉ែត្រ និងផ្លូវខេត្តក្រាលគ្រួសក្រហម ចំនួន ២០ខ្សែ ប្រវែង ២៧១,៤១គីឡូម៉ែត្រ។
ថវិកាក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានប្រើប្រាស់លើការថែទាំផ្លូវខួបប្រវែង២៨៧,៥គីឡូម៉ែត្រ ក្នុងនោះផ្លូវក្រាលគ្រួសក្រហមប្រវែង ១៥៩,៨គីឡូម៉ែត្រ ផ្លូវកៅស៊ូប្រវែង២គីឡូម៉ែត្រ និងផ្លូវDBST ប្រវែង ១២៥,៧គីឡូម៉ែត្រ។
*ការងារប្រព័ន្ធធារាសាស្ត្រ៖ ខេត្តមានប្រព័ន្ធធារាសាស្ត្រ តូច ធំ និងមធ្យម សរុបចំនួន១៥៨កន្លែង ដែលអាចស្រោចស្រពលើផ្ទៃដី ១៤៨,១៧២ហិចតា។ ខេត្តក៏បានយកចិត្តទុកដាក់ លើការងារជួសជុល ថែទាំ សំណង់ទ្វារទឹក ប្រឡាយ ទំនប់ និងបានបញ្ចប់ការដ្ឋានសាងសង់ធារាសាស្ត្រទំនប់ម្កាក់ ស្ពានស្រែង និងទំនប់ក្សាក ដែលសរុបមកបានជួសជុល ទំនប់ប្រវែង៥,១៧៥ម៉ែត្រ ជីកប្រឡាយប្រវែង ៦០,១០៨ម៉ែត្រ (ប្រឡាយមេរងជើងក្អែប) បង្កើតសហគមន៍ប្រើប្រាស់ទឹកបានចំនួន២ សហគមន៍។
*ការងារទឹកស្អាត៖ ខេត្តបានពង្រីកសមត្ថភាពរហូតដល់ផលិតទឹកស្អាតមានចំនួន ៣០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ស្មើនឹង៥០% នៃតម្រូវការរបស់ប្រជាជន ក្នុងទីប្រជុំជនក្រុងសៀមរាប ដែលមានរហូតដល់ប្រមាណ ៦០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងមានអតិថិជនប្រើប្រាស់ទឹកស្អាតក្នុងក្រុងសរុប ១១,០២៨អតិថិជន។
ខេត្តក៏បានសហការជាមួយទីភ្នាក់ងារបារាំង ដើម្បីអភិវឌ្ឍន៍ (AFD) ក្នុងការកសាងរួចរាល់នូវរោងចក្រផលិតទឹកស្អាតបន្ថែម ១៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ និងពង្រីកបណ្តាញមេចំនួន ៦,០៨៧ម៉ែត្រ។ បានអនុវត្តគម្រោងបណ្តាញទឹកស្អាតរួចរាល់ ដែលជាថវិកាកម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានប្រវែងសរុប ១០០គីឡូម៉ែត្រ និងបានភ្ជាប់បណ្តាញចូលផ្ទះចំនួន ៥,០០០តំណ។
ដោយឡែកចំពោះគម្រោងសាងសង់រោងចក្រ ដែលមានសមត្ថភាពអាចផលិត ៦០,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ព្រមទាំងដាក់បណ្តាញមេ និងបណ្តាញចែកចាយប្រវែង១៦៦គីឡូម៉ែត្រ បាននិងកំពុងអនុវត្តកិច្ចសន្យាសាងសង់ ដែលជាថវិកាកម្ចីពី ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA)។
*ការងារអគ្គិសនី៖ ការងារផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងខេត្ត ឆ្នាំ២០១៩ បានចែកចាយទូទាំងឃុំ សង្កាត់១០០ឃុំ-សង្កាត់របស់ខេត្ត ដែលអាចផ្គត់ផ្គង់ បានអតិថិជនសរុប ១៥៩,៣៤៤អតិថិជន អតិថិជនកើនឡើង ១៣,៥៩៦អតិថិជន ស្មើនឹងភូមិចំនួន៨៦៦ភូមិ កើនឡើង៥៥ភូមិ នៃភូមិទូទាំងខេត្តសរុប៩២៧ភូមិ (ភូមិទទួលស្គាល់ផ្លូវការ ៩១០ភូមិ) នៅសល់ចំនួន ៥១ភូមិមិនទាន់មានអគ្គិសនីទៅដល់។
ខេត្តមានអនុស្ថានីយ៍ចែកចាយ អគ្គិសនី២ អនុសា្ថនីយ៍ទី១ នៅស្រុកពួក មានកម្លាំងផ្គត់ផ្គង់ ៧៥មេកាវ៉ាត់ និងអនុស្ថានីយ៍ទី២ នៅស្រុកប្រាសាទបាគង មានកម្លាំងផ្គត់ផ្គង់ ១៥០មេហ្គាវ៉ាត់ ដែលអនុស្ថានីយ៍ទាំងពីរនេះ សម្រាប់បំពេញតម្រូវការអតិបរមា នៃការប្រើប្រាស់ក្នុងខេត្តរហូតដល់ ១១៩.១០មេហ្គាវ៉ាត់។
*ការងារប្រមូលពន្ធ៖ ការប្រមូលចំណូលសារពើពន្ធក៏មានការកើនឡើង ដោយប្រមូលបានប្រមាណ ១៧៧ពាន់លានរៀល ស្មើនឹង១៣០.៧២% នៃផែនការ ក្នុងនោះមានចំណូលថវិកាថ្នាក់ជាតិប្រមាណ ៨៧ពាន់លានរៀល ស្មើនឹង ១០៩.៥០% នៃផែនការ និងចំណូលថវិកាខេត្តប្រមាណ ៩០ពាន់លានរៀល ស្មើនឹង១៦០.៨៣% នៃផែនការ។
*វិស័យអប់រំ៖ សាលារៀនទូទាំងខេត្តសរុប ១,២៩៦សាលា បន្ទប់មានចំនួន ៥,៤៨៨ ថ្នាក់មានចំនួន ៧,៣៥៨មានសិស្សសរុបចំនួន ២៨៤,៣៧១នាក់ ស្រីចំនួន១៤៣,៤៣៥នាក់ ក្នុងនោះ វិទ្យាល័យមានចំនួន ៣៧គ្រឹះស្ថាន មាន ១,២០៨បន្ទប់ មាន៩៥៧ថ្នាក់ អនុវិទ្យាល័យ មានចំនួន៨៤គ្រឹះស្ថាន មាន៧៦៣បន្ទប់ មាន៥៣៥ថ្នាក់ សាលាបឋមសិក្សា មានចំនួន៥០៣សាលា មាន៣៤២០បន្ទប់ មាន៤,៥៥០ថ្នាក់ និងមត្តេយ្យសិក្សារដ្ឋមានចំនួន ៤៤៣សាលា មាន៩៧បន្ទប់ មាន៨៨៣ថ្នាក់។
*ការងារគ្រប់គ្រងកាកសំណល់៖ ការបញ្ចេញកាកសំណល់រឹង តាមបណ្តាក្រុង ស្រុក មានចំនួន៦០០តោន ក្នុងមួយថ្ងៃ ក្នុងនោះក្រុងសៀមរាបមានប្រមាណ ៣៨០តោនក្នុងមួយថ្ងៃ។ ដើម្បីធានាដល់ការគ្រប់គ្រងកាកសំណល់នេះ ក្រុងសៀមរាប មានក្រុមហ៊ុនប្រមូល សម្អាត និងដឹកជញ្ជូនសំរាមមានចំនួន ៣ ក្រុមហ៊ុន មានក្រុមហ៊ុន GAEA. Plc ក្រុមហ៊ុន VGreen និងក្រុមហ៊ុន Active Green Co., Ltd។ ដោយឡែកតាមបណ្តាស្រុក ក៏បានសហការជាមួយវិស័យឯកជន ឬក្រុមហ៊ុន ដើម្បីធានាដល់ការគ្រប់គ្រងកាកសំណល់រឹងឲ្យបានត្រឹមត្រូវ ដោយអនុវត្តតាមអនុក្រឹត្រលេខ ១១៣ របស់រាជរដ្ឋាភិបាល។
ដោយឡែក សម្រាប់ទិសដៅបន្ដ ត្រូវបានលោក លី សំរិទ្ធ គូសបញ្ជាក់ថា ឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវមានឆន្ទៈប្តេជ្ញាខ្ពស់ចំពោះបេសកកម្មរបស់ខ្លួន ដើម្បីបន្តអនុវត្តភារកិច្ចការងារដែលនៅសេសសល់ពីឆ្នាំ២០១៩ផង និងកិច្ចការនានាក្នុងឆ្នាំ២០២០ ស្ថិតក្នុងក្របខណ្ឌនៃផែនការអភិវឌ្ឍខេត្ត ដើម្បីសម្រេចបាននូវសមិទ្ធផលប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ព្រមទាំងអនុវត្តតាមអភិក្រមទាំង៥ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅលើភាព អសកម្មនានា។
ពិតណាស់ទិសដៅ ការងារឆ្នាំ២០២០នេះ រដ្ឋបាលខេត្តបានធ្វើការប៉ាន់ប្រមាណប្រកបដោយ ចក្ខុវិស័យទូលំទូលាយ ក្នុងការកំណត់នូវយុទ្ធសាស្ដ្រ ក្នុងដំណាក់កាលនីមួយៗ និងស្របតាមសភាពការណ៍ជាក់ស្តែង នៃការវិវត្តនូវស្ថានភាពសង្គម សេដ្ឋកិច្ច ដើម្បីឆ្លើយតបនឹងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងរក្សាបាននូវស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បរិស្ថានធម្មជាតិ វប្បធម៌ សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ៕