(បន្ទាយមានជ័យ)៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ ទទួលបានអំណោយរួមមាន អង្ករ០៤តោន, ទឹកស៊ីអ៊ីវ២០០យួរ, ទឹកត្រី២០០យួរ ពីលោក ជា ផូងលាង និងលោកស្រី ព្រមទាំងកូនៗ ដើម្បីចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តបន្ទាយមានជ័យ រួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធនឹងជំងឺកូវីដ១៩ និងចែករំលែកដោះស្រាយ បន្តដល់ប្រជាពលរដ្ឋ ខ្វះខាតជួបការលំបាក។
ពិធីប្រគល់ និងទទួលអំណោយខាងលើ ធ្វើឡើងក្រោមអធិបតីភាពលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្តបន្ទាយមានជ័យ។
នាឱកាសនោះ លោក អ៊ុ រាត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ជា ផូងលាង និងលោកស្រី ព្រមទាំងបុត្រា បុត្រី ដែលបានចំណាយធនធាន ចូលរួមជាមួយរាជរដ្ឋាភិបាល តាមរយៈការបាននាំយកស្បៀងមានអង្ករ និងគ្រឿងឧបភោគបរិភោគមួយចំនួន ទុកសម្រាប់ដោះស្រាយជូនពលរដ្ឋ ដែលមានជីវភាព ខ្វះខាត នៅក្នុងមូលដ្ឋាន ក៏ដូចជាចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោក ក៏បានធ្វើការប្រសិទ្ធពរជ័យ ដល់លោក ជា ផូងលាង និងលោកស្រី ព្រមទាំងបុត្រា បុត្រី ទទួលបានសុខភាពល្អបរិបូរណ៌ ចៀសផុតពីជំងឺដង្កាតផ្សេងៗ ពិសេសជំងឺកូវីដ-១៩ និងជួបប្រទះតែពុទ្ធពរទាំង៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕