(ព្រៃវែង)៖ កុំព្យូទ័រចំនួន២០គ្រឿង និងសម្ភារកីឡាជាច្រើនទៀត ដែលជាអំណោយរបស់ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រូវបានលោក ឡុង ស្រេង ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំត្នោត ស្រុកកញ្ច្រៀច ខេត្តព្រៃវែង យកទៅប្រគល់ជូនដល់ ក្រុមយុវជនឃុំត្នោត និងយុវជនស្រុកកញ្ច្រៀច នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦នេះ។
លោក ឡុង ស្រេង តំណាងនាយឧត្តមសេនីយ៍ នេត សាវឿន បានឲ្យដឹងថា សម្ភារដែលយកទៅប្រគល់ជូននោះ មានកុំព្យូទ័រ២០គ្រឿង សម្រាប់បំពាក់នៅក្នុងថ្នាក់បង្រៀនកុំព្យូទ័រ នៅក្នុងទីស្នាក់ការគណបក្សប្រជាជន ឃុំត្នោត ទុកអោយកូនចៅប្រជាពលរដ្ឋ បានចូលរៀនដោយមិនបង់ថ្លៃ។ ក្រៅពីនេះក៏មានសម្ភារកីឡាជាច្រើនទៀត រួមមានខោ និងអាវ៣០០កំប្លេ ស្បែកជើង និងស្រោមជើង១០០កំប្លេ បាល់ទាត់ចំនួន៥០ និងបាល់ទះចំនួន៣០ ដោយសម្ភារកីឡាទាំងនេះ ចែកជូនដល់សិស្សានុសិស្ស នៅក្នុងឃុំត្នោត និងក្នុងស្រុកកញ្ច្រៀចទាំងមូល។
ជាមួយគ្នានេះ លោក ឡុង ស្រេង ក៏បានបង្កើតក្រុមបាល់ទាត់ បាល់ទះ នៅតាមសាលាផងដែរ ដែលរួមមានក្រុមបាល់ទាត់៥ក្រុម និងបាល់ទះ២ក្រុម។
លោក ឡុង ស្រេង បានលើកឡើងថា ដើម្បីភាពជោគជ័យនៅក្នុងជីវិត យុវជនទាំងអស់ត្រូវតែមានចំណេះដឹង នៅក្នុងខ្លួនដែលជាមូលដ្ឋានគ្រឹះ ក្នុងការធ្វើការងារ និងប្រកបមុខរបរចិញ្ចឹមជីវិត។ ដោយមើលឃើញចំណេះដឹង មានសារសំខាន់ និងផលប្រយោជន៏សម្រាប់យុវជនយើង ទើបនាយឧត្តមសេនីយ៍ នេត សាវឿន បានសម្រេចបង្កើតថ្នាក់បណ្តុះបណ្ដាលកុំព្យូទ័រ នៅក្នុងឃុំត្នោត ដើម្បីអោយយុវជន យុវនារីបានចូលក្រេបជញ្ជក់ យកចំណេះដឹងបច្ចេកវិទ្យាសម័យទំនើបនេះឡើង។
ដោយឡែកការបង្កើតក្រុមបាល់ទាត់ និងបាល់ទះ គឺក្នុងគោលបំណងអោយក្រុមយុវជនយើង ងាមកលេងកីឡា រឹតចំណងសាមគ្គីគ្នា នាំគ្នាលេងកីឡា ដើម្បីសុខភាពជៀសអោយផុតពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗទៀត៕