(ភ្នំពេញ)៖ រយៈពេល៣២ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបង្កើនប្រាក់ពិន័យ តាមអនុក្រឹត្យលេខ៣៩ ពោលគឺថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យយានយន្ត ៤៥៧៧៩គ្រឿង ក្នុងនោះម៉ូតូ ៣៣៥៨៥គ្រឿង និងរថយន្តគ្រប់ប្រភេទ ១២១៩៤គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប្រាប់បណ្តាញព័ត៌មាន Fresh News។
បើតាមលោកឧត្តមសេនីយ៍ឯក, សម្រាប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៩លើក ស្លាប់ ៦នាក់ របួស ២១នាក់ (របួស១៥ធ្ងន់នាក់)។
សម្រាប់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះដែរ មានយានយន្ត ១០១៤គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ។ ក្នុងនោះ ម៉ូតូមាន ៨៥៩គ្រឿង ខណៈរថយន្តមានចំនួន ១៥៥គ្រឿង។
បទល្មើសកត់សម្គាល់សម្រាប់ម៉ូតូ គឺអត់មួក ល្មើសសញ្ញា គ្មានស្លាកលេខ ដឹកលើសទម្ងន់ និងប្រើប្រាស់ទូរស័ព្ទដៃ ដោយឡែកបទល្មើសកត់សម្គាល់ សម្រាប់រថយន្ត គឺលើសល្បឿន អត់ខ្សែក្រវាត់ ល្មើសសញ្ញា លើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ និងស្រវឹង។
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា រយៈពេល ៣២ថ្ងៃនេះ ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ។
លោកបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណ ដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត៕