(ព្រះវិហារ)៖ ស្ពានស្ទឹងស្តៅស្ថិតក្នុងភូមិសុច ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលរងការឆាបឆេះដោយសារភ្លើងព្រៃកន្លងមក ពេលនេះបានកសាងជិតរួចរាល់ជាស្ថាពរ ហើយនឹងបើកឲ្យប្រជាពលរដ្ឋឆ្លងកាត់ក្នុងពេលឆាប់ៗខាងមុខនេះ។
ជាមួយនឹងសកម្មភាពយ៉ាងមមាញឹកកំពុងសាងសង់ស្ពាននេះ នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ លោក គោ ស៊ុំប៊ុនសឿត អភិបាលស្តីទីខេត្តព្រះវិហារ អមដំណើរដោយលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួមជាមួយលោកអភិបាលស្រុកសង្គមថ្មី លោក បេន ដេវីស ជនជាតិអាមេរិកកាំង ដែលកំពុងអភិរ័ក្សសត្វព្រៃតំបន់ភ្នំពក ភ្នំត្នោត និងមន្ត្រីជាច្រើនទៀត បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនះភាពនៃការសាងសង់ស្ពានឆ្លងកាត់ស្ទឹងស្តៅនេះ។
ក្នុងនាមលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ, លោក គោ ស៊ុំប៊ុនសឿត បានអបអរសារទរចំពោះសមិទ្ធិផលថ្មីមួយនេះ ដែលនឹងបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងពេលឆាប់ៗនេះ។ លោកអភិបាលខេត្តស្តីទី បានអរគុណចំពោះលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងមន្ត្រីក្រោមឱវាទ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានខិតខំប្រឹងប្រែងកសាងស្ពាននេះឡើងវិញ ជំនួសឲ្យស្ពានឈើចាស់ទ្រុឌទ្រោមដែលបានឆេះកន្លងមក។
ដោយឡែក លោក សំ លាងទ្រី បានថ្លែងឲ្យដឹងថា ស្ពានស្ទឹងស្តៅនេះ ត្រូវបានកសាងឡើងវិញដោយដែកបេឡេ និងក្រាលឈើ មានប្រវែង៤៨ម៉ែត្រ និងទទឹង៤.២ម៉ែត្រ។ ស្ពាននេះបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ៣ភូមិគឺ ភូមិសុច ភូមិត្រពាំងធ្លក និងភូមិតាបោះក្នុងឃុំស្តៅ ហួសទៅតំបន់អភិរក្ស័សត្វព្រៃភ្នំត្នោតភ្នំពក។
លោកប្រធានមន្ទីរ បានគូសបញ្ជាក់ថា ស្ពានដែកបេឡេថ្មីឆ្លងស្ទឹងស្តៅនេះ គឺមានការជួយឧបត្ថម្ភដែកស្ពានបេឡេពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឧបត្ថម្ភឈើក្រាលស្ពានដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឧបត្ថម្ភសរសរដែកស្ពានដោយលោកទេសរដ្ឋមន្ត្រី មាស សុភា និងលោក ប្រាក់ សុវណ្ណ ហើយអនុវត្តការងារសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មិនមានថវិការបស់សប្បុរសជនណាផ្សេងនោះទេ។
លោកថា «ចំពោះឈើដែលក្រាលស្ពាននេះ គឺយកឈើចាស់ៗដែលរលំនៅក្នុងព្រៃ មិនបានកាត់ឈើថ្មីយកមកប្រើនោះទេ ហើយចំពោះឈើក្រាលស្ពានទៀតសោត គឺមានការពិនិត្យនិងរាប់ជារៀង រាល់ថ្ងៃ ពីលោកបេនដេវីស ហើយស្ពាននេះ នឹងត្រូវសាងសង់រួចរាល់ជាស្ថាពរក្នុងពេលឆាប់ៗខាងមុខនេះ ឲ្យប្រជាពលរដ្ឋបានឆ្លងកាត់ និងត្រៀមសម្ភោធដាក់ឲ្យប្រើប្រាស់ផងដែរ៕