(ភ្នំពេញ)៖ បើតាមការគណនារបស់សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ការនាំចេញអង្ករកម្ពុជាក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២០
ទទួលបានចំណូលជាង ២៤១លានដុល្លារ។
កម្ពុជាសម្រេចបានការនាំចេញ ៣៥៦,០៩៧តោន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ ដែលមានកំណើនជាង៤២% ប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ដែលការនាំចេញបានត្រឹមតែ ២៥០,១៧២តោន។
ប្រទេសចិនបានគ្រប់គ្រងចំនួន៣៨% នៃទីផ្សារនាំចេញរបស់កម្ពុជា។ បន្ទាប់គឺបណ្តាប្រទេសនៅក្នុងអឺរ៉ុបមានចំនួន ៣៤% បណ្តាប្រទេសមួយចំនួននៅក្នុងអាស៊ាន មានចំនួន១៣% និងប្រទេសផ្សេងទៀត រួមមាន អូស្ត្រាលី ហ្កាប៉ុង សហរដ្ឋអាមេរិក មានចំនួន១៥%។
ទោះបីអង្ករកម្ពុជាត្រូវបង់ពន្ធនាំចូល លើទឹកប្រាក់ចំនួន ១៥០អឺរ៉ូ ក្នុងមួយតោនក៏ដោយ ក៏កំណើននាំចេញទៅសហគមន៍អឺរ៉ុប មានសន្ទុះឡើងខ្ពស់ គឺជាង ៥១%។ ប្រទេសបារាំងជាប្រទេស ដែលនាំចូលធំជាងគេបង្អស់ គឺមានបរិមាណជាង ៤៥,០០០តោន។ បន្ទាប់គឺប្រទេសហូឡង់ ១៤,៦៦៦តោន ហើយលំដាប់លេខ៣ គឺប្រទេសអង់គ្លេសជាង៩,៧០០តោន បណ្តាប្រទេសនៅក្នុងអាស៊ាន ជាពិសេស ម៉ាឡេស៊ី ព្រុយណេ និងសិង្ហបុរី មានជាង ៤៥% បណ្តាប្រទេសផ្សេងៗមានចំនួន ៧៩% ហើយប្រទេសចិន មានកំណើន ២៥% ផងដែរ។
សម្រាប់ទីផ្សារ ខែឧសភា ឆ្នាំ២០២០ សហគមន៍អឺរ៉ុបមានការនាំចេញរហូតដល់ជាង ២៤,០០០តោន ឬ៤៤% នៃចំណែកទីផ្សារនាំចេញរបស់កម្ពុជា ដែលការនាំចេញនេះ ភាគច្រើនស្ទើរតែ ១០០% ជាអង្ករក្រអូប អង្ករសរីរាង្គ និងអង្ករចំហុយ ហើយកម្ពុជាក៏បាននាំចេញទៅប្រទេសចិនប្រមាណជាង១៤ ០០០តោន ឬ ២៦% នៃចំណែកទីផ្សារនាំចេញអង្កររបស់កម្ពុជា។
កំណើនមធ្យមនៃការនាំចេញ គឺបណ្តាលមកពីការផ្អាកនាំចេញអង្ករសមួយរយៈ តែកំណើននៅប្រទេសចិន មានកម្រិតប្រហាក់ប្រហែលសហគមន៍អឺរ៉ុប និងចាប់ផ្តើមកើននៅខែបន្ទាប់។ ចំណែកឯកំណើននាំចេញ ទៅបណ្តាទីផ្សារផ្សេងដូចជា ហ្កាបុង អូស្ត្រាលី រុស្សី និង ញ៉ូសាឡែន ក៏មានកំណើនខ្ពស់គួរឱ្យចាប់អារម្មណ៍ផងដែរ៕