(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងថ្នាក់ដឹកជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បាននាំយកបដិមាព្រះគោមួយ ដែលបានរកឃើញ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ប្រគល់ជូនមន្ទីរវប្បធម៍ និងវិចិត្តសិល្បៈខេត្ត ដើម្បីយកទៅរក្សាទុកជាសម្បត្តិរបស់ជាតិ។
ថ្លែងក្នុងឱកាសនោះលោក ប្រាក់ សុវណ្ណ បានកោតសរសើរដល់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ដែលបានខិតខំរុករក បដិមាព្រះគោ ឃើញវិញ និងសូមអរគុណដល់ប្រជាពលរដ្ឋដែលមានការភ្ញាក់រលឹកប្រគល់បដិមាព្រះគោ នេះមកវិញផងដែរ។
សូមបញ្ជាក់ថា រូបបដិមាព្រះគោនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ តែមានគេលួចយកទៅបាត់ ហើយកម្លាំងនគរបាល ស្រុកជាំក្សាន្ត ដែលដឹកនាំដោយលោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលយាងក្រោមការណែនាំពី លោកឧត្តម សេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានសហការមួយអាជ្ញារធរភូមិ ក៏បានបើកប្រតិបត្តិការស្រាវជ្រាវភ្លាម និងរកឃើញវិញហើយ។
សូមជម្រាប់ថា រាល់បដិមា រូបសំណាក រូបចម្លាក់ថ្មក្ដី ឈើក្ដី ឬវត្ថុបុរាណនានាផ្សេងទៀត គឺជាសម្បត្តិបេតិកភណ្ឌវប្បធម៌របស់ជាតិ ដែលគួរតែត្រូវបានថែរក្សាការពារ ពីសមត្ថកិច្ច-ស្ថាប័នជំនាញ ដូច្នេះប្រជាពលរដ្ឋមិនគួរលួច ឬជួញដូរខុសច្បាប់នោះឡើយ ព្រោះជាទង្វើល្មើសច្បាប់ដែលអាចមានទោសទណ្ឌដល់ខ្លួនឯង ហើយក៏ជា ទង្វើបំផ្លាញសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិផងដែរ៕