(កំពង់ឆ្នាំង)៖ ការដាក់លក់កសិផលកែច្នៃរួច និងផ្លែឈើផ្សេងៗរបស់ប្រជាកសិករ នៅតាមដងផ្លូវជាតិលេខ៥ ក្នុងស្រុករលារប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានមកប្រមូលផ្ដុំគ្នា បង្កើតជាផ្សារតូចមួយនៅតាមចិញ្ចើម ថ្នល់ ដោយធ្វើជាកូនតូបតូចៗដាក់លក់កសិផលកែច្នៃរួច និងផ្លែឈើជាច្រើនមុខ ដូចជា ដំឡូង ណែមជាដើម ដើម្បីលក់ឲ្យអ្នកធ្វើដំណើរតាមផ្លូវ ដែលឆ្លងកាត់ទឹកដីខេត្តកំពង់ឆ្នាំង ជាការរកកម្រៃសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគាត់បានមួយផ្នែក ក្រៅពីមុខរបរធ្វើស្រែចំការ ប្រសិន បើគេត្រូវការយកទីតាំងធ្វើផ្លូវវិញនោះ ពួកគាត់នឹងមិនមានកន្លែងលក់ដូរនៅទីនេះជាបន្តទៀតនោះឡើយ។
ការដែលពួកគាត់មកប្រមូលផ្ដុំគ្នាបង្កើតជាកូនផ្សារតូច ដើម្បីនាំគ្នាដាក់លក់កសិផលកែច្នៃ និងផ្លែឈើរួមទាំងមើមដំឡូងជាច្រើនប្រភេទខាងលើនេះ គឺឃើញមានការដាក់តាំងលក់រយៈពេល ជាច្រើនឆ្នាំមកហើយ បើទោះជាកន្លងមកត្រូវបានសមត្ថកិច្ចមកហាមឃាត់ ឬក៏ឲ្យពួកគាត់រុះរើតូបបង្ខិតទៅក្រោយឲ្យឆ្ងាយពីថ្នល់ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយប្រការណាមួយ ដល់អ្នកធ្វើដំណើរដែលជាអតិថិជនមកឈប់ចតរថយន្តទិញទំនិញផ្សេៗជាច្រើន លើកច្រើនសារមកហើយក៏ដោយ ក៏ពួកគាត់អនុវត្តតាមសមត្ថកិច្ចផង និងលក់បណ្ដើររហូតមកដល់សព្វថ្ងៃព្រោះ មានតែមុខរបរនេះ ដែលធ្វើឲ្យពួកគាត់អាចលក់ដូរនៅនិងផ្ទះសម្បែងរបស់ពួកគាត់បានផង ម្យ៉ាងអាចរកប្រាក់កម្រៃបានបន្តិចបន្តួចសម្រាប់ទ្រទ្រង់ជីវភាពរបស់ពួកគាត់ផងដែរ។
កសិផលកែច្នៃរួច និងផ្លែឈើដែលពួកគាត់ដាក់លក់នៅទីនោះ មានដូចជា ដំឡូងឆាប ចេកឆាប នំថងនួន នំក្រៀប ណែម ចំណែកផ្លែឈើ មានដូចជា ខ្នុរ ចំប៉ាដក់ ទាប ត្រសក់ស្រូវ ត្រសក់ផ្អែម ត្រឡាច ល្ពៅ និងឪឡឹក។ល។ ដោយឡែក បន្លែផ្លែឈើទាំងប៉ុន្មានមុខខាងលើនេះ ខែនេះពុំទាន់ដល់រដូវនៅឡើយទេ ពោលគឺចាប់ផ្ដើមពីរដូវកាន់បិណ្ឌនេះទៅ ទើបមានបន្លែផ្លែឈើទាំងអស់ ខាងលើនេះយកមកដាក់លក់។
លោកយាយម្នាក់ ដែលមានតូបលក់នៅទីតាំងខាងលើដែរនោះ បានឱ្យដឹងនៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះថា លោកយាយមានទីលំនៅក្នុងភូមិចារឃុំអណ្ដូង ស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង លោកយាយបានមកធ្វើតូបលក់នៅទីនេះមានរយៈពេល ៥ឆ្នាំមកហើយ សព្វថ្ងៃនេះលោកយាយចាប់ផ្ដើមដាក់លក់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង៧យប់ទើបរើឥវ៉ាន់ចូលផ្ទះ ហើយលោកយាយលក់ក្នុងមួយថ្ងៃពេលខ្លះបាន៨ម៉ឺនរៀល ពេលខ្លះបានជាង១០ម៉ឺនរៀល ផាត់ដើមទូទាត់អស់ទៅ សល់ចំណេញបានពី២៥.០០០ ទៅ៣០.០០០ រៀលផងដែរ។
លោកយាយក៏បានឲ្យដឹងទៀតថា ការដាក់លក់នៅតាមចិញ្ចើមផ្លូវនេះ ក៏ត្រូវបានអ្នកធ្វើផ្លូវអោយយើងរើរុះតូបចុះឡើងៗ ជាច្រើនលើកច្រើនសារមកហើយដែរដោយសារ តែគេត្រូវការយកទីតាំង ដើម្បីធ្វើផ្លូវ តែគេក៏យោគយល់អធ្យាស្រ័យឱ្យពួកយើងច្រើនលើកណាស់ដែរ ដូច្នេះមិនដឹងថា តើពួកគាត់លក់បានដល់ពេលណានោះទេ ដោយសារតែខាងអ្នកធ្វើផ្លូវ គេត្រូវការយកទីតាំងដើម្បីធ្វើផ្លូវរបស់គេដែរ។
នៅពេលដែលគេធ្វើផ្លូវរួចរាល់ គឺគាត់មិនពិបាករើអីវ៉ាន់មកលក់នៅតាមចិញ្ចើមផ្លូវដូចពេលមុនទៀតទេ ពេលនោះគាត់អាចដាក់ឥវ៉ាន់ទាំងនេះលក់នៅមុខផ្ទះរបស់គាត់បានដោយស្រួលផងដែរ ដោយឡែក អ្នកដែលមកពីឆ្ងាយមកលក់នៅទីនេះ នៅពេលដែលគេត្រូវការយកទីតាំងធ្វើផ្លូវ គឺគ្នាពិបាកហើយ និងមិនមានកន្លែងលក់ដូរទៀតនោះឡើយ តែពួកគេក៏មិនមានការអាក់អន់ចិត្តអ្វីដែរ ដោយសារតែផ្លូវសំខាន់ជាងគឺសម្រាប់អនាគតដល់កូនចៅជំនាន់ក្រោយ៕