(កណ្ដាល)៖ ដោយទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អាជ្ញាធរខេត្តកណ្ដាល ដែលបានចែកម៉ាស់ និងសាប៊ូ ដល់កម្មករ-កម្មការនី តាមបណ្ដារោងចក្រនានា នៅស្រុកអង្គស្នួល ក្រុមក្រុមកម្មករ-កម្មការនី បានកោតសរសើរ និងអរគុណយ៉ាងខ្លាំងដល់រដ្ឋបាលខេត្តកណ្តាល ដែលមានលោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ដល់កម្មករ-កម្មការនី ជុំវិញវិធានការណ៍ការពារជំងឺកូវីដ១៩ ដែលជាកាយវិការសប្បុរសធម៍ ឆ្លុះបញ្ចាំងឱ្យឃើញ ពីតម្លៃនៃសន្តិភាព និងការយកចិត្តទុកដាក់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងឱកាសចុះនាំយកអំណោយជាម៉ាស់ សាប៊ូ ចុះចែកជូនក្រុមកម្មករ-កម្មការនី នៅក្នុងរោងចក្រ បូវ ឃើរ ហ្គារមេន ហ្វេកធើរី នាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ លោក នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងឱ្យលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានទទួលការស្វាគមន៍ និងថ្លែងអំណរគុណពីក្រុមកម្មករ-កម្មការនី យ៉ាងច្រើនក្រៃលែង។
ក្នុងឱកាសនោះដែរ លោក នៃ ចារី បានផ្ដាំផ្ញើដល់បងប្អូនកម្មករ កម្មការិនី ទាំងអស់មិនត្រូវមានការធ្វេសប្រហែសជាមួយនឹងជំងឺកូវីដ១៩ឡើយ បើទោះបីជានៅប្រទេស កម្ពុជា មានស្ថានភាពប្រសើរក៏ដោយក្ដីតែនៅទូទាំងពិភពលោកមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះយើងត្រូវតែអនុវត្តឱ្យបានជាប្រចាំនូវការសំអាតអនាម័យ ខ្លួនប្រាណ លាងសំអាងដៃជាមួយសាប៊ូ អាកុល ឬជែលចេញក្រៅត្រូវពាក់ម៉ាស់ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។
ទន្ទឹមនឹងនេះដែរ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល ក៏បានលើកឡើងស្នើរចំពោះមុខក្រុមកម្មករ-កម្មការនីទាំងអស់ក្នុងករណីមិនស្រួលខ្លួន ឬមានការសង្ស័យ ថាបានឆ្លងជំងឺកូវីដ-១៩ សូមទាក់ទងទៅអាជ្ញាធរ អ្នកដែលផ្តល់សេវាសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិត ដើម្បីទទួលបានការធ្វើតេស្តពិនិត្យសុខភាព និងព្យាបាលបានទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា ទូទាំងស្រុកអង្គស្នួលមានរោងចក្រទាំងអស់ចំនួន ៦៧រោងចក្រ និងមានចំនួនកម្មករ កម្មការិនី សរុប ៦៥,៧៤៥នាក់ ក្នុងនោះរោងចក្រ បូវ ឃើរ ហ្គារមេន ហ្វេកធើរី (BOWKER GAMEMT FACTORY) មានកម្មករ កម្មការិនី ចំនួន ៣,៩៥៧នាក់ ដែលបានទទួលម៉ាសចំនួន២ និងសាប៊ូ១ដុំ៕