(កំពង់ចាម)៖ មន្រ្តីនគរបាល ស្រុកកំពង់សៀម លោកព្រិន្ទបាលទោ ឡុង វុត្ថា ដែលត្រូវបានក្រុមក្មេងពាល ព្រួតវាយចំក្បាលពីក្រោយ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលមន្រ្តីនគរបាលរូបនេះ បានចូលទៅជួយអន្តរាគមន៍ និងបង្ក្រាបពួកគេពេលកំពុងដេញ កាប់ចាក់គ្នាកាលពីថ្ងៃទី២៦ ខែធ្នូកន្លងទៅនោះ បានទទួលមរណភាពហើយ។
ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ហើយ និងកំពុងត្រូវបានភរិយា កូន និងក្រុមគ្រួសារ រៀបចំធ្វើបុណ្យ តាមប្រពៃណីនៅគេហេដ្ឋាន របស់ខ្លួននាថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦។ ជនរងគ្រោះ និងក្រុមគ្រួសារកាលពីពេលថ្មីៗ កន្លងទៅក៏ធ្លាប់បានទទួលអំណោយពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ សម្រាប់ការព្យាបាលរបួស ពេលសម្រាកនៅមន្ទីរពេទ្យ។ សូមបញ្ជាក់ថា លោកព្រិន្ទបាលទោ ឡុង វុត្ថា ត្រូវបានក្រុមក្មេងពាល ព្រួតវាយចំក្បាលពីក្រោយ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈដែលមន្រ្តី នគរបាលរូបនេះ បានចូលទៅជួយអន្តរាគមន៍ និងបង្ក្រាបពួកគេពេលកំពុងដេញ កាប់ចាក់គ្នាកាលពីថ្ងៃទី២៦ ខែធ្នូ កន្លងទៅ។ ក្រោយមានករណីនេះកើតឡើង ថ្នាក់ដឹកនាំជាន់ខ្ពស់ និងមិត្តនគរបាលរួមអាជីព បានជួយឧបត្ថម្ភជាបន្តបន្ទាប់ដល់ ជនរងគ្រោះ សម្រាប់ការព្យាបាល និងត្រូវការវះកាត់ចំនួន២លើក។
ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា ក្រោយទទួលបានព័ត៌មាន ស្តីពីការជួបគ្រោះថ្នាក់ ពេលកំពុងបំពេញការងារ របស់ជនរងគ្រោះរួចមក ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាលខេត្ត បានជួយឧបត្ថម្ភភ្លាមៗផងដែរ។ សម្រាប់ជនបង្កទាំង៤នាក់ ក៏ត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ៕