(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានចេញសេចក្ដីជូនដំណឹងពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ ជូនកម្មករនិយោជិត ចំនួន២៥,៥៨៨នាក់ នៃរោងចក្រ សហគ្រាស ទាំង៦៧ នៃវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ដោយសារតែឥទ្ធិពល នៃជំងឺ COVID-19។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
ប្រាក់ឧបត្ថម្ភនេះ នឹងត្រូវបើកផ្តល់ជាប្រាក់រៀល និងអាស្រ័យលើចំនួនថ្ងៃ នៃការព្យួរកិច្ចសន្យាការងារ ក្នុងនោះចំនួន៖
*៦០,៧៥០រៀល (១៥ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល៧ថ្ងៃ ដល់១០ថ្ងៃ
*១២១,៥០០រៀល (៣០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេល១១ថ្ងៃ ដល់២០ថ្ងៃ
*១៦២,០០០រៀល (៤០ដុល្លារអាមេរិក) សម្រាប់ការព្យួរកិច្ចសន្យាការងាររយៈពេលចាប់ពី ២១ថ្ងៃ ដល់១ខែ។
ដើម្បីចៀសវាងការលំបាក ក្នុងការបង្វិលថវិកាសងរាជរដ្ឋាភិបាលវិញ ក្នុងករណីរោងចក្រ សហគ្រាសសុំចូលធ្វើការ មុនកាលកំណត់ នៃរយៈពេលព្យួរកិច្ចសន្យាការងារ នោះប្រាក់ឧបត្ថម្ភ នឹងត្រូវចែកចេញជា២ដង សម្រាប់បងប្អូនដែលព្យួរកិច្ចសន្យាការងារចាប់ពី ២១ថ្ងៃ ដល់១ខែ និងត្រូវបែងចែកជា៤ដង សម្រាប់បងប្អូនដែលព្យួរកិច្ច សន្យាការងាររយៈពេល២ខែ ដោយក្នុង១ដង ស្មើនឹងថវិកាចំនួន ៨១,០០០រៀល (២០ដុល្លារអាមេរិក)។
ក្រសួងសូមរំឮកថា ធនាគារឯកទេសវីង នឹងបង្វិលប្រាក់ឧបត្ថម្ភនេះ ជូនរាជរដ្ឋាភិបាលវិញ ប្រសិនជាបងប្អូនខកខាន មិនបានទៅបើកប្រាក់ឧបត្ថម្ភនេះ ក្នុងរយៈពេល១០ថ្ងៃ បន្ទាប់ពីទទួលបានសារតាមទូរសព្ទពីធនាគារឯកទេសវឹង។ ដើម្បីបើកប្រាក់ឧបត្ថម្ភនេះ បងប្អូនត្រូវយកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងទូរសព្ទដែលទទួលបានសារនោះទៅកាន់ភ្នាក់ងារវីង ដែលនៅជិតបំផុត។
សូមបញ្ជាក់ថា កម្មករនិយោជិត មិនតម្រូវឲ្យបង់ថ្លៃសេវាទៅភ្នាក់ងារវីងឡើយ ពេលបើកប្រាក់ឧបត្ថម្ភនេះ។ ក្នុងករណីបងប្អូនកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាស ទាំង៦៧នេះ មិនបានទទួលសារ ទូរសព្ទពីធនាគារឯកទេសវីង នោះសូមបងប្អូនទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរសព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួនជាបន្ទាន់ ដោយផ្អែកលើខ្លឹមសារនៃសេចក្ដីណែនាំលេខ០៤៥/២០ របស់ក្រសួង៕