(បាត់ដំបង)៖ យោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជាប្រធានក្រុមសម្ដេចឪ, នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ លោក គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅ បានអញ្ជើញពិនិត្យទីតាំង ដើម្បីរៀបចំការកសាងអគារសិក្សា ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទានដល់កូនចៅ ចៅទួតរបស់ព្រះអង្គ ដែលមានទីតាំងស្ថិតនៅក្នុងសាលាបឋមសិក្សាសម្ដេចឪ សម្ដេចម៉ែ ភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្នុងឱកាសនោះ មានការអញ្ជើញចូលរួមទទួលស្វាគមន៍ ចំពោះវត្តមានលោក គុយ សុផល និងក្រុមសម្ដេចឪ ពីសំណាក់លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជារាស្ត្រក្នុងមូលដ្ឋានជាច្រើនកុះករផងដែរ។
សូមបញ្ជាក់ថា ព្រះរាជសមិទ្ធផលដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម របស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបិតាជាតិខ្មែរ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្ដេចឪ សម្ដេចម៉ែ ប្រោសព្រះរាជទានដល់ប្រជារាស្ត្រជាកូនចៅ ចៅទួតរបស់ព្រះអង្គនៅក្នុងសាលាបឋមសិក្សាសម្ដេចឪសម្ដេចម៉ែភ្នំសំពៅ ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន នៅឆ្នាំ១៩៥៧ ក្នុងសម័យសង្គមរាស្ត្រនិយមដ៏រុងរឿង។ អាស្រ័យដោយព្រះរាជសមិទ្ធិផលនេះ មានសភាពចាស់ទ្រុឌទ្រោម មិនអាចឱ្យសិស្សានុសិស្សដំណើរការរៀនសូត្រ តទៅមុខទៀតបាននោះ សម្ដេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជតម្រិះ ប្រោសព្រះរាជទាន សម្ដេចចៅហ្វាវាំង គង់ សំអុល ដឹកនាំចាត់ចែងដល់មន្ត្រីក្រុមសម្ដេចឪ ធ្វើការកសាងអគារសិក្សាថ្មី នៅលើទីតាំងអគារសិក្សាចាស់ ដែលបានបន្សល់ទុកតាំងពីក្នុងសម័យសង្គមរាស្ត្រនិយម។
ចំពោះគម្រោងនៃការកសាងអគារសិក្សាថ្មី ដែលជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គប្រោសព្រះរាជទាននូវការសាងសង់ តាមរយៈក្រមសម្ដេចឪនៅក្នុងពេលដ៏ឆាប់ៗខាងមុខនេះ មានអគារធ្វើអំពីបេតុងចំនួន១ខ្នង ២ជាន់ស្មើនឹង២០បន្ទប់ ក្នុងនោះបណ្ដោយប្រវែង៩៤,៥៦ម៉ែត្រ ទទឹង៩ម៉ែត្រ។ អគារនេះត្រូវបានរៀបចំជាថ្នាក់រៀនចំនួន ១៥បន្ទប់ និង៥បន្ទប់ទៀត បានរៀបចំជាបណ្ណាល័យ និងមន្ទីរពិសោធន៍។ ក្រៅពីនេះ មានសាងសង់ព្រះរាជសមិទ្ធិផល មានអាងទឹកមួយកន្លែងកម្ពស់៨ម៉ែត្រ ចំណុះ៩០០០លីត្រ បង្គន់អនាម័យ១ខ្នង ស្មើនឹង៦បន្ទប់ទៀតផង។
ការប្រោសព្រះរាជទាននូវអាគារសិក្សា ព្រមទាំងព្រះរាជសមិទ្ធផលព្រះរាជអំណោយដ៏ថ្លៃថ្លា របស់សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅសាលាបឋមសិក្សាសម្ដេចឪសម្ដេចម៉ែភ្នំសំពៅ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើឱ្យលោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាជ្ញាធរដែនដី និងប្រជារាស្ត្រ ជាកូនចៅ នៅក្នុងមូលដ្ឋាន មានសេចក្ដីត្រេកអរ ដោយឥតឧបមា សូមថ្លែងអំណរព្រះរាជគុណដ៏ជ្រាលជ្រៅជាទីបំផុត ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមថ្វាយព្រះពរព្រះអង្គ បានសមប្រកបតែនឹងសិរីសួស្ដីជ័យមង្គល ព្រះបរមសុខគ្រប់ប្រការ ព្រះរាជសុខភាពដ៏ល្អបរិបូរណ៌ ព្រះកាយពលមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅជាមហាម្លប់ដ៏ត្រជាក់សុខសាន្ត ចម្រើនរុងរឿង ដល់ព្រះរាជាណាចក្រកម្ពុជា និងជនរួមជាតិជាកូនចៅ ចៅទួតរបស់ព្រះអង្គជារៀងរហូតតទៅ៕