(បន្ទាយមានជ័យ)៖ អភិបាលក្រុងសិរីសោភ័ណលោក ហ៊ឹល រ៉ាយ៉ា នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំកងកម្លាំងចម្រុះ រួមមាន កម្លាំងអាវុធហត្ថក្រុង កម្លាំងនគរបាលក្រុង ផ្នែកសឹករងក្រុង និងមានការចូលរួមពីកងកម្លាំងតំបន់ប្រតិបត្តិការសិករងខេត្ត បានប្រើប្រាស់មធ្យោបាយកម្លាំងសរុប វិធានការសរុប ចុះជួយសាងសង់ផ្ទះជូនពលដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់ចំនួន២សង្កាត់ ក្នុងក្រុង សរុបចំនួន១១ខ្នងផ្ទះ នៅសង្កាត់ម្កាក់ និងសង្កាត់ភ្នៀត ដែលទទួលរងគ្រោះដោយសារខ្យល់កន្រ្តាក់ កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០។
ក្នុងឱកាសនោះ លោក ហ៊ឹល រ៉ាយ៉ា ក៏បានប្រគល់សង្ក័សី ដែលជាអំណោយនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី ប្រគល់ជូនគ្រួសាររងគ្រោះទាំង២សង្កាត់ខាងលើផងដែរ។
លោក ហ៊ឹល រ៉ាយ៉ា បានណែនាំឲ្យបងប្អូនពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះបាតុភូតធម្មជាតិ ដែលតែងកើតមាន ជាក់ស្តែងនូវរដូវនេះ ភ្លៀងបាន ចាប់ផ្តើមធ្លាក់ជាបន្តបន្ទាប់ លាយឡំជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលវាធ្វើឲ្យប៉ះពាល់ ដល់ផ្ទះសំបែង របស់បងប្អូនប្រជាពលរដ្ឋដោយខ្យល់កន្ត្រាក់ជាដើម។
លោកអភិបាលក្រុង បានសំណូមពរដល់ពលរដ្ឋ នៅពេលមេឃរកកលចង់ភ្លៀង ឬផ្គរ រន្ទះ ខ្យល់កន្ត្រាក់ សូមបងប្អូនរកកន្លែងមានសុវត្ថិភាព ក្រែងកើតមានករណីជាយថា ហេតុណាមួយកើតមានឡើង។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២០ មានភ្លៀងធ្លាក់មួយមេយ៉ាងធំ លាយឡំជាមួយនឹងផ្គរ រន្ទះ ខ្យល់កន្ត្រាក់ បានបង្កឲ្យខូចខាតលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ នៅក្រុងសិរីសោភ័ណ១១ខ្នងផ្ទះ ក្នុងសង្កាត់ចំនួន២ សង្កាត់ម្កាក់ និងសង្កាត់ភ្នៀត។ ចំណែកស្រុកព្រះនេត្រព្រះ នៅវេលាម៉ោង០៤៖២០នាទីល្ងាច ថ្ងៃខែឆ្នាំដដែល មានភ្លៀង រលាយឡំជាមួយខ្យល់កន្ត្រាក់ បណ្តាលឲ្យលំនៅដ្ឋាន របស់ប្រជាពលរដ្ឋចំនួន៧ខ្នង សាលារៀន១ខ្នង ខូចខាតរបើកដំបូល។
ក្នុងនោះមាន៖ ឃុំព្រះនេត្រព្រះ ចំនួន៣ខ្នង គឺនៅភូមិប៉ោយតាប៉ែនចំនួន១ខ្នង, ភូមិប៉ុស្តិ៍ចាស់ ចំនួន២ខ្នង, ឃុំឈ្នួរមានជ័យ សាលាបឋមសិក្សាសំរោងធំ១ខ្នង របើកដំបូលស័ង្កសី ចំនួន៣០សន្លឹក, ភូមិសំរោងធំ១ខ្នង ដួលរលំខូចទាំងស្រុង, ភូមិឈ្នួរ ចំនួន៣ខ្នង និងបាក់អង្គតែន វិទ្យុទាក់ទង របស់នគរបាលស្រុក១នៅឃុំជប់វារី។
ដោយឡែកថ្ងៃដដែលនោះដែរ នៅស្រុកស្វាចេក មានក្មេងប្រុសម្នាក់ អាយុ១៥ឆ្នាំបានស្លាប់ និងយុវតីម្នាក់ អាយុ១៨ឆ្នាំ រងរបួស ដោយសាររន្ទះបាញ់ ខណៈពេលដែល ជនរងគ្រោះទាំង២នាក់ ទៅស៊ីឈ្នួលដាំដំឡូងមី ឲ្យអ្នកភូមិជាមួយ នៅចម្ងាយពីភូមិ-ភូមិ ប្រមាណ២,១០០ម៉ែត្រ ត្រង់ចំណុចត្រពាំង ក្រសាំង ចំងាយពីភូមិខ្វាវកើត ឃុំរលួស ស្រុកស្វាយចេក។
ជនរងគ្រោះ ឈ្មោះ ឡោម សុជាតិ ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិបែកចានថ្មី ឃុំរលួស ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ស្លាប់នៅនឹងកន្លែង ហើយត្រូវបាន ក្រុមគ្រួសារយកទៅចាត់ចែង ធ្វើបុណ្យតាមប្រពៃណី និងម្នាក់ទៀតឈ្មោះ យិន ឈុនលី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា (របួស) ត្រូវបានបញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែក ស្រុកស្វាយចេក៕