(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកស្រី នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះចែកជូនប្រជាពលរដ្ឋជាជនងាយរងគ្រោះមានជីវភាពខ្វះខាត ទីទាល់ក្រចំនួន ៦១គ្រួសារ ក្នុងឃុំចំនួន២ គឺឃុំដំរីស្លាប់ និងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះលោក សុខ លូ បានផ្តាំផ្ញើដោយក្តីនឹករលឹកពីសំណាក់ប្រមុខថ្នាក់ដឹកនាំដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋមានជីវភាពជួបការលំបាកទាំងអស់ក្នុងស្រុកកំពង់ស្វាយ ដោយក្តីនឹក រលឹក អាណិតអាសូរបំផុត ដែលជានិច្ចជាកាលតែងតែគិតគូខ្វល់ខ្វាយ ពីសុខទុក្ខពលរដ្ឋខ្មែរគ្រប់ៗរូប ដោយមិនប្រកាន់ពូជសាសន៍ សាសនា រឺនិន្នាការនយោបាយ នោះឡើយ «ពោលគឺទីណាដែលពលរដ្ឋមានទុក្ខលំបាកទីនោះគឺមានសម្តេចទាំងទ្វេ»។
លោក សុខ លូ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តថែទាំសុខភាពដោយអនុវត្តតាមវិធីសាស្ត្ររបស់ក្រសួងសុខាភិបាល ដើម្បីការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ ថ្វីដ្បិតតែជំងឺឆ្លងនេះ ក្នុងប្រទេសកម្ពុជាយើងបានថមថយយ៉ាងណាក៏ដោយ ដរាបណាមិនទាន់មានថ្នាំចាក់ការពារ សូមបងប្អូនប្រជាពលរដ្ឋមិនត្រូវភ្លេចអំពី វិធានការអប់រំណែនាំ វិធានការបង្ការនិងទប់ស្កាត់ នៃការរីករាលដាលមេរោគកូវីដ១៩ កុំឱ្យមានឆ្លងនៅសហគមន៍ ហើយនៅតែបន្តការប្រុងប្រយ័ត្នជាប់ជានិច្ច។
លោកបានបញ្ជាក់ទៀតថា ការចូលរួមពីបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា ដោយត្រូវធ្វើអនាម័យជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងរក្សាគំលាតពីគ្នាជាប្រចាំ និងអាចការពារការឆ្លងនូវមេរោគកូវីដ១៩ នៅក្នុងសហគមយើងបាន។ ដោយឡែកសម្រាប់ភោជនីយដ្ឋាន ក៏បានធ្វើការណែនាំពី អនាម័យតាមរយៈការដាក់សាប៊ូ ឬអាកុលឲ្យភ្ញៀវលាងដៃមុន និងចូលភោជនីយដ្ឋានផងដែរ។
លោកអភិបាលខេត្តកំពង់ធំ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ សូមខិតខំស្វែងយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសារ ជាពិសេសកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងខិតអប់រំកូនចៅឱ្យជៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមាននរណាម្នាក់សង្ស័យពាក់ព័ន្ធ បញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរភូមិ-ឃុំ ដើម្បីយកពួកគាត់ទៅបន្សាបឬក៏ព្យាបាល និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាព រស់នៅ ប្រចាំថ្ងៃបន្ថែមទៀត។
សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជួបការលំបាកចំនួន៦១គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូ ត្រីខ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ មី ១កេស សាប៊ូ ១ដុំ និងច្រាសដុសចំនួន ១៕