(តាកែវ)៖ លោកបណ្ឌិត ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាសហប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រៃកប្បាស់ ខេត្តតាកែវ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុកព្រៃកប្បាស់ទាំងអស់ ត្រូវធ្វើការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះរលកទី២ នៃការរីករាលដាលជំងឺកូវីដ១៩ បន្ទាប់ពីមានអ្នកជំងឺកូវីដ១៩ ចំនួន៣នាក់ ត្រូវបានត្រូវរកឃើញថ្មីទៀតនៅក្នុងប្រទេសកម្ពុជាយើង។
នៅក្នុងពិធីប្រគល់ទទួលឧបករណ៍សម្ភារបរិក្ខាវិជ្ជសាស្រ្តរបស់អង្គការមូលនិធិពុទ្ធសាសនាឆឺជី ដល់មន្ទីរពេទ្យស្រុកព្រៃកប្បាស់ តាមរយៈសមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ និងក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកព្រៃកប្បាស់ នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២០ លោកបណ្ឌិត ពេជ សោភ័ន បានថ្លែងថា មួយរយៈកន្លងមកស្ថានភាពជំងឺកូវីដ១៩ ដែលបានរីករាលដាលនៅក្នុងប្រទេសកម្ពុជា មានការស្ងប់ស្ងាត់តាមរយៈការព្យាបាលជាសះស្បើយចំពោះអ្នកជំងឺទាំង១២៣នាក់ ក៏ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងសុខាភិបាល បានប្រកាសរកឃើញអ្នកជំងឺថ្មីចំនួន៣នាក់បន្ថែមទៀត ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋកុំភ្លេចឲ្យសោះ អំពីវិធានការអប់រំណែនាំ វិធានការបង្ការ និងទប់ស្កាត់ អំពីរីករាលដាលនៃមេរោគកូវីដ១៩ តាមរយៈការលាងដៃនឹងសាប៊ូ ឬអាល់កុលឲ្យបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ជាប្រចាំ ដើម្បីការពារការឆ្លងនូវមេរោគកូវីដ១៩នេះ ចូលមកក្នុងសហគមន៍របស់បងប្អូន។
លោកបណ្ឌិត ពេជ សោភ័ន បានបន្ថែមទៀតថា ពាក់ព័ន្ធទៅនិងវិធីបង្ការ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នេះ ក្រសួងសុខាភិបាល អាជ្ញាធគ្រប់លំដាប់ថ្នាក់ជាពិសេសសមាគមក្រុមគ្រូពេទ្យស្ម័គ្រ ចិត្តយុវជនសម្ដេចតេជោ បានធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដល់បងប្អូន ដូច្នោះសូមបងប្អូនកុំមានការធ្វេសប្រហែសឲ្យសោះ ព្រោះបើបងប្អូនមានការធ្វេសប្រហែសជំងឺនេះ និងឆ្លងចូលមកសហគមន៍របស់បងប្អូន ដែលនិងនាំឲ្យមានផលវិបាកជាច្រើនចំពោះប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូលផងដែរ។
នៅក្នុងឱកាសនោះដែរលោកបណ្ឌិត ពេជ សោភ័ន ក៏បានផ្ដាំផ្ញើដល់អាជ្ញាធភូមិ ឃុំ ស្រុក ត្រូវបន្តសកម្មភាពចុះអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋឲ្យបានខ្លាំងបន្តទៅទៀត តាមរយៈការចាក់មេក្រូនៅតាមភូមិ តាមវត្តអារ៉ាមនានា និងចុះអប់រំដល់ខ្នងផ្ទះប្រជាពលរដ្ឋ ពីវិធីបង្ការ និងវិធានការការពារកុំឲ្យឆ្លងជំងឺកូវីដ១៩ ដោយត្រូវធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋ មានការធ្វេសប្រហែសឲ្យសោះ និងត្រូវចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់រលកទី២ ការរីករាលដាលជម្ងឺកូវីត១៩ កុំឲ្យមានកើតមានចំពោះបងប្អូនប្រជាពលរដ្ឋយើង៕